ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់ចិន BYD កាលពីពេលថ្មីៗនេះ បានប្រកាសពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន បានកើនដល់ជាង ២ពាន់លានដុល្លារ កាលពីត្រីមាសមុន បន្ទាប់ពីទទួលបានអត្តប្រយោជន៍កាន់តែខ្លាំង ពីផែនការតម្លៃទាបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ ក្រុមហ៊ុន BYD បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន នៅក្នុងត្រីមាសទី៤ បានកើនឡើង ៧៣,១% ដល់ចំនួនខ្ពស់បំផុត ១៤ពាន់លានយ៉ន់ (២,១ពាន់លានដុល្លារ) ស្របពេលប្រាក់ចំណូលសរុបប្រចាំត្រីមាស ក៏បានកើនឡើង ៥២,៧% ដល់ចំនួន ២៧៤,៩ពាន់លានយ៉ន់ ផងដែរ។
សម្រាប់រយ:ពេលពេញមួយឆ្នាំ ប្រាក់ចំណេញរបស់ BYD បានកើនឡើង ៣៤% ដល់ចំនួនសរុប ៤០,៣ពាន់លានដុល្លារ ខណ:ប្រាក់ចំណូលបានកើនឡើង ២៩% ។ ហើយមិនតែប៉ុណ្ណោះ ភាគហ៊ុនរបស់ BYD នៅហុងកុង ក៏បានកើនឡើង ៥១% ផងដែរ គិតចាប់តាំងពីដើមឆ្នាំនេះមក។
ជម្រាបជូនផងដែរថា BYD បានវ៉ាដាច់ក្រុមហ៊ុន Volkswagen ចំពោះការលក់នៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ដោយលក់បានចំនួនសរុបដល់ទៅ ៤,២៥ លានគ្រឿង។ BYD ទទួលបានអត្ថប្រយោជន៍ពីផែនការតម្លៃទាប និងការលក់ខ្ពស់ជាងគូប្រជែងរបស់ខ្លួន ហើយក្រុមហ៊ុននៅតែបន្តណែនាំចេញម៉ូដែលថ្មីៗតម្លៃទាប ដោយបង្កើនសង្គ្រាមតម្លៃនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក៕