អគ្គនាយកប្រៃសណីយ៍ជាតិអាមេរិក ប្រកាសលាលែងពីតំណែង ក្រោយរងសម្ពាធពីលោក ត្រាំ​

អន្តរជាតិ

អគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក (USPS) លោក Louis Dejoy កាលពីពេលថ្មីៗនេះ បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួន បន្ទាប់ពីទទួលរងនូវសម្ពាធយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញការស្វែងរកលទ្ធភាពក្នុងការដាក់បញ្ចូលទីភ្នាក់ងារឯករាជ្យមួយនេះ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Louis DeJoy បាននិយាយនៅក្នុងសេចក្តីប្រកាស ជុំវិញការលាលែងចេញញពីតំណែងរបស់លោក កាលពីថ្ងៃទី២៤ ខែមីនាថា ៖”ខ្ញុំជឿជាក់យ៉ាងមុតមាំថាសេវាប្រៃសណីយ៍របស់សហរដ្ឋអាមេរិក (USPS) មានទីតាំងល្អ និងមានសមត្ថភាពក្នុងការបន្តអនុវត្តយ៉ាងពេញលេញនូវយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរ និងទំនើបកម្ម” ។

រម្លឹកផងដែរថា លោក Dejoy បានប្រកាសចូលនិវត្តន៍តាំងពីខែកុម្ភ:មកម្លេះ ប៉ុន្តែលោកនៅតែបន្តកាន់តំណែងជាអគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិកដដែល រហូតដល់ក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ USPS ជ្រើសរើសអ្នកស្នងតំណែងរបស់លោកជាអចិន្រ្តៃយ៍បាន។

យ៉ាងណាមិញ ជុំវិញការប្រកាសលាលែងចេញពីតំណែងរបស់លោក Dejoy នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីលោក ត្រាំ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បានប្រកាសជាសាធារណៈអំពីចេតនារបស់ពួកគេ ដើម្បីធ្វើឯកជនភាវូបនីយកម្ម USPS ឬដាក់បញ្ចូលទីភ្នាក់ងារឯករាជ្យនេះ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មជំនួសវិញ។

គួរឲ្យដឹងថា នៅក្នុងខែកុម្ភៈ លោក ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីរំលាយក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ USPS និងបានផ្តល់ការទុកចិត្តដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Lutnick ដើម្បីគ្រប់គ្រងសេវាប្រៃសណីយ៍របស់សហរដ្ឋអាមេរិកជំនួស។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានពន្យារពេលលើការដាក់ចេញបទបញ្ជានេះវិញ នៅពេលដែលមានការសង្ស័យកើតឡើង ជុំវិញសមត្ថភាពរបស់លោក Lutnick ក្នុងការគ្រប់គ្រង USPS ដោយមិនមានក្រុមប្រឹក្សាភិបាលឯករាជ្យ។

ជម្រាបជូនថា លោក DeJoy ត្រូវបានតែងតាំងជាប្រធាន USPS ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាឯករាជ្យមួយដែលត្រូវបានជ្រើសរើសដោយប្រធានាធិបតីអាមេរិកផ្ទាល់។ ពីមុនមកលោក DeJoy គឺជាអ្នកជំនួញម្នាក់មកពីគណបក្សសាធារណរដ្ឋ និងជាអ្នកផ្តល់ជំនួយដ៏ធំបំផុតមួយ សម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ផងដែរ៕