Hyundai និងលោក ត្រាំ ប្រកាសផែនការវិនិយោគទឹកប្រាក់ជាង ២០ពាន់លានដុល្លារ នៅអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនលំដាប់កំពូលរបស់ប្រទេសកូរ៉េខាងត្បូង Hyundai Motor Group កាលពីពេលថ្មីៗនេះ បានប្រកាសវិនិយោគទឹកប្រាក់រហូតដល់ទៅ ២១ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលជួបពិភាក្សាជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅឯសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការវិនិយោគនេះ នឹងរួមបញ្ចូលទាំងការសាងសង់រោងចក្រផលិតដែក Hyundai Steel ថ្មីដែលមានតម្លៃប្រមាណ ៥,៨ពាន់លានដុល្លារ នៅរដ្ឋ Louisiana ដោយរំពឹងថារោងចក្រថ្មីនេះ នឹងផលិតដែកថែបបានជាង ២,៧ លានតោន ក្នុងមួយឆ្នាំ ក៏ដូចជាអាចបង្កើតការងារបានជាង ១ ៤០០ កន្លែង ផងដែរ។

Hyundai បាននិយាយទៀតថា ក្នុងចំណោមទឹកប្រាក់វិនិយោគសរុបនោះ ក្រុមហ៊ុន ក៏មានគម្រោងវិនិយោគ ៩ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៨ ដើម្បីបង្កើនសមត្ថភាពផលិតរថយន្តរបស់ខ្លួន នៅសហរដ្ឋអាមេរិក ឲ្យដល់ចំនួន ១,២ លានគ្រឿង និងទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារ ផ្សេងទៀត នឹងត្រូវយកទៅពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាមេរិក នៅក្នុងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតផងដែរ។

ក្រៅពីនោះ ក្រុមហ៊ុន Hyundai Motor ក៏គ្រោងនឹងរៀបចំពិធីបើកសម្ពោធរោងចក្រផលិតរថយន្ត និងអាគុយថ្មីមួយដែលមានតម្លៃប្រមាណ ៧,៥៩ពាន់លានដុល្លារ នៅរដ្ឋ Georgia ផងដែរ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ កំពុងមានរោងចក្រផលិតរថយន្តរបស់ខ្លួននៅ Alabama ខណៈពេលដែលក្រុមហ៊ុន Kia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក៏មានរោងចក្រផ្ទាល់ខ្លួន នៅក្នុងរដ្ឋ Georgia ផងដែរ។ រោងចក្រចាស់ទាំងពីរនេះ អាចផលិតរថយន្តសរុបបានចំនួន ៧សែនគ្រឿងក្នុងមួយឆ្នាំ ហើយចំពោះរោងចក្រថ្មីនៅរដ្ឋ Georgia នោះនឹងមានសមត្ថភាពផលិតរថយន្តបានចំនួន ៣សែនគ្រឿង នៅពេលវាដំណើរការពេញលេញ។

ជម្រាបជូនផងដែរថា ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅចំពេលដែលលោក ត្រាំ គំរាមដំឡើងពន្ធទៅវិញទៅមកលើប្រទេសជាច្រើន គិតចាប់ពីថ្ងៃទី២ ខែមេសាតទៅ ដែលអាចកំណត់គោលដៅជាពិសេសទៅលើប្រទេសកូរ៉េខាងត្បូង ដែលមានអតិរេកពាណិជ្ជកម្មដ៏ធំជាមួយសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោក ត្រាំ បាននិយាយបាននិយាយកាលពីថ្ងៃចន្ទថា ៖”ការវិនិយោគនេះ គឺជាការបង្ហាញយ៉ាងច្បាស់ថាផែនការពន្ធគយរបស់យើងកំពុងដំណើរការហើយ”។ ប្រធានាធិបតីអាមេរិក ក៏បានបន្ថែមទៀតថា ពន្ធបន្ថែមលើរថយន្តទំនងជាត្រូវបានប្រកាសនៅក្នុងអំឡុងសប្តាហ៍នេះ៕