ថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់បញ្ចូលក្រុមហ៊ុនរបស់ប្រទេសចិនចំនួនរាប់សិបបន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុនទាំងនោះ កំពុងចូលរួមក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មដល់យោធារបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
Inspur Group ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការផ្តល់សេវាកម្ម Cloud computing និងជាក្រុមហ៊ុនផ្ទុកទិន្នន័យដ៏ធំបំផុតមួយនោះ ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនចិនជាង ៥០ផ្សេងទៀត ដែលនឹងត្រូវទទួលរងនូវការដាក់កម្រិតនាំចេញ ពីសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី២៥ ខែមីនា ក្រសួងពាណិជ្ជកម្មអាមេរិក បន្ថែមក្រុមហ៊ុនប្រហែល ៨០ ចូលក្នុងបញ្ជីខ្មៅសម្រាប់ក្រុមហ៊ុនដែលនឹងត្រូវរឹតត្បិតការនាំចេញរបស់ខ្លួន ហើយក្នុងចំណោមនោះ ក្រុមហ៊ុនជាង ៥០ គឺមានមូលដ្ឋាននៅក្នុងប្រទេសចិន ស្របពេលក្រុមហ៊ុនដែលនៅសេសសល់ផ្សេងទៀត គឺមកពីអ៊ីរ៉ង់ ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង និងអារ៉ាប់រួម។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយទៀតថា ការដាក់បញ្ចូលក្នុងបញ្ជីខ្មៅនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីរកឃើញថាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ បានចូលរួមក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មសម្រាប់យោធាចិន។ ហើយសហរដ្ឋអាមេរិក ចង់កំណត់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យារបស់ចិន រួមទាំងបច្ចេកវិទ្យា Quantum Techne បច្ចេកវិទ្យាកម្រិតខ្ពស់ AI និងអាវុធសម្មតិកម្មផ្សេងទៀត ដើម្បីចៀសវាងផ្តល់ការគម្រាមកំហែងណាមួយ ដល់សហដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បានមានប្រសាសន៍ថា ៖”យើងនឹងមិនអនុញ្ញាតឲ្យដៃគូប្រកួតប្រជែងរបស់យើងប្រើប្រាស់បច្ចេកវិទ្យាអាមេរិកខុសៗគ្នា ដើម្បីជំរុញយោធា និងផ្តល់ការគំរាមកំហែងមកលើជនជាតិអាមេរិកទេ” ។
ជុំវិញបញ្ហានេះ ខាងស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃទី២៥ ខែមីនាថាខ្លួនបានប្រឆាំងជាដាច់ខាតជាមួយនឹងការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកនេះ ហើយទាមទារឲ្យបញ្ឈប់ជាបន្ទាន់ទាក់ទងនឹងបញ្ហានេះ ដើម្បីធ្វើនយោបាយ ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរមានភាពប្រសើរឡើង៕