ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់អាមេរិក Tesla នៅអឺរ៉ុប បានបន្តធ្លាក់ចុះនៅក្នុងខែកុម្ភ: ខណ:បានធ្វើឲ្យការលក់របស់ក្រុមហ៊ុន ធ្លាក់ចុះ ២ខែជាប់ៗគ្នា បើទោះបីជាការចុះបញ្ជីប្រើប្រាស់រថយន្ត EV នៅក្នុងតំបន់នេះមានការកើនឡើងខ្លាំងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមទិន្នន័យពីសមាគមអ្នកផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២៥ ខែមីនាថា ការលក់រថយន្តអគ្គិសនីរបស់ Tesla នៅអឺរ៉ុបបានធ្លាក់ចុះអស់ ៤២,៦% គិតមកទល់នឹងពេលនេះ ចំពេលកំពុងមានការប្រកួតប្រជែងកើនឡើង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អឺរ៉ុប ផងដែរ។
គួរឲ្យដឹងផងដែរថា នៅក្នុងខែកុម្ភ: ក្រុមហ៊ុន Tesla មាន ១,៨% នៃចំណែកទីផ្សាររថយន្តសរុប និង ១០,៣% នៃចំណែកទីផ្សាររថយន្តអគ្គិសនី នៅអឺរ៉ុប ពោលគឺបានធ្លាក់ចុះពី ២,៨% និង ២១,៦% រៀងគ្នា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានលក់រថយន្តតិចជាង ១៧ ០០០ គ្រឿងប៉ុណ្ណោះ នៅក្នុងទឹកដីសហភាពអឺរ៉ុប , អង់គ្លេស និងបណ្តាប្រទេសមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប បើធៀបទៅនឹងចំនួនលក់បានជាង ២៨ ០០០ គ្រឿង ក្នុងខែកុម្ភ:ដូចគ្នា កាលពីឆ្នាំមុន។
ជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុន Tesla កំពុងប្រឈមនឹងបញ្ហាធំៗមួយចំនួននៅអឺរ៉ុប រួមទាំងការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលនៅតែបន្តដាក់ចេញម៉ូដែលរថយន្តអគ្គិសនីថ្មីៗរបស់ពួកគេជាញឹកញាប់ និងថែមទាំងមានតម្លៃសមរម្យទៀតផង។ ហើយមិនតែប៉ុណ្ណោះ លោក Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ក៏បានធ្វើឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងផងដែរក្នុងពេលថ្មីៗកន្លងមកនេះ នៅពេលដែលលោកព្យាយាមលូកដៃចូលទៅក្នុងឆាកនយោបាយច្រើន ខណ:ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ទង្វើនេះ ក៏បានជំរុញឲ្យការលក់របស់ Tesla ធ្លាក់ចុះខ្លាំងផងដែរ៕