ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទោ បានប្រកាសផែនការដាក់ពន្ធគយនាំចូល ២៥% លើរថយន្តទាំងអស់ដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងខ្ពស់ជាងអត្រាពន្ធបច្ចុប្បន្នដល់ទៅ ១០ដងឯណោះ។ នេះបើតាមការចុះពីសារព័ត៌មាន Reuters។
ជុំវិញផែនការពន្ធគយថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងចូលជាធរមានចាប់ពីថ្ងៃទី២ ខែមេសាតទៅ។ ស្របពេលជាមួយគ្នានោះ ប្រធានាធិបតី លោក ត្រាំ បាននិយាយនៅក្នុងការិយាល័យ Oval ថា៖” យើងនឹងចាប់ផ្តើមប្រមូលពន្ធលើរថយន្តនាំចូលទាំងអស់ ចាប់ពីថ្ងៃទី៣ ខែមេសាតទៅ ពោលគឺមួយថ្ងៃក្រោយផែនការពន្ធត្រូវចូលជាធរមាន”។
ជាមួយគ្នានេះ លេខាធិការសារព័ត៌មានប្រចាំនៅសេតវិមាន លោក Will Scharf បានពន្យល់ថា ចំពោះផែនការពន្ធគយថ្មី នឹងអនុវត្តលើរថយន្តផលិតពីបរទេស និងរថយន្តធុនស្រាលនាំចូលទាំងអស់។ ពន្ធនេះនឹងបន្ថែមលើសពី ១០០ពាន់លានដុល្លារទៅក្នុងថវិកាជាតិអាមេរិក ជារៀងរាល់ឆ្នាំ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវរថយន្ត បានបង្ហាញឲ្យដឹងថា ពន្ធនាំចូលនេះ អាចបន្ថែមទឹកប្រាក់រាប់ពាន់ដុល្លារដល់តម្លៃរថយន្តសម្រាប់អ្នកប្រើប្រាស់ ដោយជំរុញឲ្យការលក់ និងការងារធ្លាក់ចុះ ក៏ព្រោះតែឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក ពឹងផ្អែកយ៉ាងខ្លាំងលើផ្នែកនាំចូល។
គួរឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាមក លោក ត្រាំ បានប្រកាសពន្ធនាំចូលថ្មីៗជាច្រើន បន្ទាប់មកបានពន្យារពេលលើការដាក់ពន្ធចំពោះប្រទេសកាណាដា និងម៉ិកស៊ិក។ ប៉ុន្តែទន្ទឹមនឹងនេះ នៅតែទទួលរងនូវសម្ពាធនេះ ជាមួយនឹងការដាក់ពន្ធបន្ថែម ២០% ចំពោះទំនិញទាំងអស់របស់ខ្លួន ពីសហរដ្ឋអាមេរិក។ អាលុយមីញ៉ូម និងដែកថែបទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក ក៏ត្រូវជាប់ពន្ធ ២៥% ផងដែរ។
ជម្រាបជូនថា នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិកបាននាំចូលផលិតផលដែលទាក់ទងនឹងរថយន្តមានតម្លៃសរុបប្រមាណ ៤៧៤ពាន់លានដុល្លារ រួមទាំងរថយន្តដឹកអ្នកដំណើរដែលមានតម្លៃ ២២០ពាន់លានដុល្លារ។ ម៉ិកស៊ិក ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអាឡឺម៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនោះ គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ប្រទេសនេះ៕