ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២៦ ខែមីនាថា លោកនឹងសុខចិត្តកាត់បន្ថយពន្ធមួយចំនួនលើប្រទេសចិនវិញ ប្រសិនបើ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok យល់ព្រមលក់កម្មវិធីនេះ មកឲ្យអាមេរិកជាអ្នកគ្រប់គ្រងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ក្រុមហ៊ុន ByteDance មានពេលរហូតដល់ថ្ងៃទី៥ ខែមេសា ដើម្បីស្វែងរកការលក់ប្រតិបត្តិការកម្មវិធី TikTok ទៅកាន់បុគ្គល ឬក្រុមហ៊ុនអាមេរិកណាមួយ ដែលមិនមែនជាជនជាតិចិន ឬមួយត្រូវប្រមុខទៅនឹងការបិទចោលទាំងស្រុងនៅទឹកដីសហរដ្ឋអាមេរិក ដោយសារតែបញ្ហាសន្តិសុខជាតិ ដែលស្ថិតនៅក្រោមច្បាប់ឆ្នាំ២០២៤។
គួរឲ្យដឹងថា នៅក្រោមច្បាប់ថ្មីនេះ ត្រូវបានធ្វើឡើងចំពេលមានការព្រួយបារម្ភពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលអះអាងថា TikTok ដោយគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance នោះ នឹងធ្វើឲ្យវាក្លាយជាឈ្នាន់មួយសម្រាប់រដ្ឋាភិបាលចិន ដើម្បីប្រើប្រាស់កម្មវិធីនេះក្នុងការបង្កើតឥទ្ធិពលប្រឆាំងនឹងសហរដ្ឋអាមេរិក និងប្រមូលទិន្នន័យលើជនជាតិអាមេរិក ជាដើម។
យ៉ាងណាក៏ដោយ ប្រធានាធិបតី លោក ត្រាំ បាននិយាយថាលោកមានឆន្ទៈក្នុងការពន្យាពេលថ្ងៃផុតកំណត់នៅខែមេសាខាងមុខ បើទោះបីជាគ្មានកិច្ចព្រមព្រៀងលើកម្មវិធី TikTok ណាមួយ សម្រេចបានក៏ដោយ។
ប៉ុន្តែជាមួយគ្នានោះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ៖”ប្រហែលជាខ្ញុំនឹងផ្តល់ឲ្យពួកគេនូវការកាត់បន្ថយពន្ធគយ ឬអ្វីមួយ ដើម្បីធ្វើឲ្យកិច្ចព្រមព្រមព្រៀងសម្រាប់ការទិញយកប្រតិបត្តិការ TikTok នៅអាមេរិកនេះ សម្រេចបាន” ។ លោកក៏បានសង្កត់ធ្ងន់ទៀតថា ការយល់ព្រមពីប្រទេសចិន នឹងចាំបាច់បំផុតសម្រាប់កិច្ចព្រមព្រៀងណាមួយ របស់កម្មវិធីកម្សាន្តដែលមានអ្នកប្រើប្រាស់ដល់ទៅជាង ១៧០ លាននាក់ នៅអាមេរិកមួយនេះ។
ជម្រាបជូនថា ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ ហាក់បានបង្ហាញថាការលក់ TikTok គឺជាអាទិភាពសម្រាប់រដ្ឋបាលរបស់លោក និងសារៈសំខាន់គ្រប់គ្រាន់ក្នុងការប្រើប្រាស់ពន្ធគយជាចំណុញស្នូលនៃការចរចាជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ខណ:កាលពីក្នុងខែកុម្ភៈ និងដើមខែមីនានេះ លោក ត្រាំ បានប្រកាសបន្ថែមការយកពន្ធសរុប ២០% ទៅលើទំនិញនាំចូលទាំងអស់ពីប្រទេសចិន៕