ទីបំផុត iPhone 16 ស៊េរី នឹងដាក់លក់នៅឥណ្ឌូណេស៊ីឡើងវិញ​ ចាប់ពីខែក្រោយ

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សអាមេរិក Apple បានប្រកាសថាទូរស័ព្ទ iPhone 16 ស៊េរីរបស់ខ្លួន នឹងមានដាក់លក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១១ ខែមេសា បន្ទាប់ពីច្បាប់ហាមឃាត់ការលក់ដ៏តឹងរ៉ឹងរបស់ប្រទេសនេះ ត្រូវបានដកចេញវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីខែតុលា បានប្រកាសចេញច្បាប់ហាមឃាត់ការធ្វើទីផ្សារ និងការលក់ទូរស័ព្ទ iPhone សម្រាប់ម៉ូដែលនេះ បន្ទាប់ពី Apple បានខកខានក្នុងការបំពេញតាមច្បាប់ដែលតម្រូវឲ្យប្រើប្រាស់ ៤០% នៃទូរស័ព្ទដែលត្រូវបានផលិតចេញពីគ្រឿងបង្គុំនៅក្នុងស្រុក។

ទោះជាយ៉ាងណាក៏ដោយ Apple បានធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីកាលពីខែមុន ដើម្បីវិនិយោគនៅក្នុងប្រទេសនេះ ជាមួយចំនួនទឹកប្រាក់សរុបប្រមាណ ២៨០លានដុល្លារ បន្ទាប់ពីការជាប់គាំងជាច្រើនខែ។

យ៉ាងណាមិញ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ​ក្រុមហ៊ុន Apple បានបញ្ជាក់ថា ថ្ងៃនេះក្រុមហ៊ុនបានប្រកាសថារាល់ iPhone 16 គ្រប់ស៊េរីទាំងអស់ នឹងមានលក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីឡើងវិញហើយ ចាប់ពីថ្ងៃទី១១ ខែមេសាតទៅ។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី ក៏បាននិយាយនៅក្នុងខែនេះផងដែរថា ខ្លួនបានអនុម័តវិញ្ញាបនបត្រក្នុងស្រុកសម្រាប់ផលិតផល Apple ច្រើនជាងដប់ ខណ:កាលពីសប្តាហ៍មុន ក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថល បាននិយាយថា Apple ក៏ទទួលបានវិញ្ញាបនបត្រដែលត្រូវការសម្រាប់ឧបករណ៍ទូរគមនាគមន៍ទាំងអស់របស់ខ្លួន ផងដែរ៕