ចិន ផ្អាកកិច្ចព្រមព្រៀងថ្មីជាមួយកំពូលមហាសេដ្ឋីហុងកុង Li Ka-shing ជុំវិញការលក់កំពង់ផែនៅប៉ាណាម៉ា

អន្តរជាតិ

ប្រទេសចិន កាលពីពេលថ្មីៗនេះ បានណែនាំឲ្យក្រុមហ៊ុននគ្រប់គ្រងដោយរដ្ឋចិនទាំងអស់ ផ្អាកកិច្ចព្រមព្រៀងថ្មីៗជាមួយ ក្រុមហ៊ុនដែលជាប់ទាក់ទង់ជាមួយមហាសេដ្ឋីកំពូលរបស់ហុងកុង លោក Li Ka-shing និងក្រុមហ៊ុនគ្រួសាររបស់លោក បន្ទាប់ពីអ្នកជំនួញជើងចាស់រូបនេះ កំពុងមានផែនការលក់កំពង់ផែចំនួន២ នៅព្រែកជីកប៉ាណាម៉ា ទៅឲ្យយក្រុមហ៊ុនខ្នាតយក្សអាមេរិក BlackRock។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន CK Hutchison ដែលជាក្រុមហ៊ុនរកស៊ីលើអាជីវកម្មជាច្រើន ដោយរាប់ចាប់ពីទូរគមនាគមន៍ រហូតដល់ការលក់រាយដែលគ្រប់គ្រងដោយលោក Li Ka-shing នោះ ត្រូវបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់បញ្ហានយោបាយនៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុននេះ បានបង្កើតកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង នៅដើមខែនេះ បានយល់ព្រមលក់អាជីវកម្មគ្រប់គ្រងកំពង់ផែមួយចំនួនរបស់ខ្លួន រួមទាំងទ្រព្យសម្បត្តិផ្សេងៗទៀត នៅជិតប្រឡាយប៉ាណាម៉ា នៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់ជាសាច់ប្រាក់ប្រមាណ ១៩ពាន់លានដុល្លារ។

យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការណែនាំឲ្យផ្អាកកិច្ចព្រមព្រៀងថ្មីៗជាមួយក្រុមហ៊ុនរបស់លោក Li នេះ ត្រូវបានចេញដល់សហគ្រាសរដ្ឋកាលពីសប្តាហ៍មុន តាមសំណើរបស់មន្ត្រីជាន់ខ្ពស់។ ប្រភពដដែលនេះបានបន្ថែមថា កិច្ចសហការដែលមានស្រាប់រវាងក្រុមហ៊ុនរបស់លោក Li និងក្រុមហ៊ុនរដ្ឋចិនមិនមានផលប៉ះពាល់ទេ។

ជាមួយគ្នានេះ និយតករចិន ក៏កំពុងពិនិត្យមើលផងដែរនូវការវិនិយោគដែលគ្រួសាររបស់លោក Li កំពុងមាននៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស ក្នុងគោលបំណងដើម្បីយល់កាន់តែច្បាស់ពីទំហំនៃការធ្វើជំនួញរបស់ពួកគេ។

ជម្រាបជូនផងដែរថា និយតករចិន ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំកណ្តាល បានចាប់ផ្តើមពិនិត្យមើលកិច្ចព្រមព្រៀងទាំងនេះឡើងវិញ ដែលជាសញ្ញាមួយនៃការមិនសប្បាយចិត្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះការដកខ្លួនរបស់ក្រុមហ៊ុន CK Hutchison ពីព្រែកជីកប៉ាណាម៉ា ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែទន្ទឹមនឹងនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរយ៉ាងខ្លាំងចំពោះការលក់ប្រតិបត្តិការរបស់ក្រុមហ៊ុន CK Hutchison ខណ:កាលពីមុន បានអំពាវនាវឲ្យអាជ្ញាធរព្រែកជីកប៉ាណាម៉ា ដកចេញនូវអ្វីដែលលោកចាត់ទុកថា ជាការគ្រប់គ្រងរបស់ចិន៕