ឥណ្ឌូណេស៊ី​ អនុម័ត​ថវិកាជាង ​៧​ពាន់​លាន​ដុល្លារ​សម្រាប់​សន្តិសុខ​ស្បៀងអាហារ ​នៅ​ឆ្នាំ​នេះ

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅថា រដ្ឋាភិបាលប្រទេសរបស់ខ្លួន បានអនុម័តថវិកាចំនួន ១១៨ទ្រីលានរូពៀ (៧,១ពាន់លានដុល្លារ) សម្រាប់កម្មវិធីសន្តិសុខស្បៀង ក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក Ahmad Saiful Mujab ប្រធានការិយាល័យវិនិយោគសហគ្រាសរដ្ឋរបស់ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា មូលនិធិនេះនឹងត្រូវបានបែងចែកសម្រាប់លទ្ធកម្មស្រូវ ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវឧបករណ៍ផលិតកម្ម និងជំនួយហិរញ្ញវត្ថុសម្រាប់ការវិនិយោគ។

យ៉ាងណាមិញ ដោយខុសពីការវិនិយោគមុនៗ ដូចជានៅក្នុងវិស័យមូលបត្រ ឬអចលនវត្ថុ រដ្ឋាភិបាលឥណ្ឌូណេស៊ី ឥឡូវនេះ បាននិងកំពុងផ្តល់អាទិភាពខ្ពស់ចំពោះការគាំទ្រដោយផ្ទាល់សម្រាប់សហគ្រាសរដ្ឋ ក្នុងការទិញចូលស្រូវជំនួសវិញ។

មិនតែប៉ុណ្ណោះ លោក Mujab បានសង្កត់ធ្ងន់ថា សន្តិសុខស្បៀងអាហារគឺជាអាទិភាពសន្តិសុខជាតិ ជាពិសេសចំពេលកំពុងមានជម្លោះជាសកល និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ ​

យោងតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារ លោក Zulkifli Hasan បានកត់សម្គាល់ថា ថវិកាចំនួន ១៦,៦ទ្រីលានរូពៀ (១ពាន់លានដុល្លារ) នឹងត្រូវបែងចែកទុកទុកសម្រាប់ទីភ្នាក់ងារភស្តុភារជាតិ (Bulog) ដើម្បីទិញអង្ករចំនួន ៣លានតោន ត្រឹមខែមេសា ឆ្នាំនេះ រួមទាំងអង្ករមិនទាន់កែច្នៃផងដែរ។ ការពិភាក្សាជុំវិញការបែងចែកថវិកានៅតែបន្ត ដើម្បីអាចផ្តល់ឲ្យ Bulog មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ សម្រាប់បម្រុងស្បៀងអាហារទុក៕