យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្លាំង ៧,៧ រ៉ិចទ័រ បានវាយប្រហារនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមានការរញ្ជួយខ្លាំង ទៅដល់ប្រទេសថៃ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
USGS បាននិយាយទៀតថា គ្រោងរញ្ជួយដ៏ខ្លាំងក្លានេះ បានវាយប្រហារចម្ងាយ ១៦ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Sagaing ក្នុងជម្រៅ ១០គីឡូម៉ែត្រទៅក្រោម នៅម៉ោងប្រហែល ១២:៥០ នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់)។
យ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីឥទ្ធិពល និងទំហំនៃការខូតខាតដែលបណ្តលមកពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសដែលកំពុងស្ថិតនៅចំកណ្តាលនៃសង្គ្រាមស៊ីវិលមួយនេះ នៅឡើយនោះទេ។
ជាមួយគ្នានោះ បើយោងតាមសារព័ត៌មានធំៗជាច្រើន ក៏បង្ហាញឲ្យដឹងផងដែរថា នៅក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃឯណោះវិញ ក៏ទទួលរងនូវការរញ្ជួយនេះផងដែរ ដោយអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំគ្នារត់ចេញពីអគារខ្ពស់ៗ ដើម្បីស្វែងរកទីតាំងសុវត្ថិភាព។ សាក្សីនៅទីនោះ បាននិយាយថា ការរញ្ជួយដីនេះ គឺមានកម្លាំងខ្លាំងគ្រប់គ្រាន់ដែលធ្វើឲ្យអគារទាំងមូលរង្គឺ ខណ:អគារកំពុងសាងសង់មួយចំនួន ក៏ឈានដល់ការបាក់រលំស្តែងៗ ផងដែរ៕