មីយ៉ាន់ម៉ា កត់ត្រាអ្នករបួសជាច្រើននាក់ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ

អន្តរជាតិ

យោងតាមមន្ត្រីមីយ៉ាន់ម៉ា បាននិយាយថា មន្ទីរពេទ្យធំៗនៅក្នុងរដ្ឋធានី Naypyidaw បានទទួលអ្នករបួសជាច្រើន ក្រោយកើតហេតុការគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន នៅថ្ងៃទី២៨ ខែមីនានេះ ខណ:គ្រែពេទ្យចំនួន ១ ០០០ ត្រូវបានបំពេញដោយអ្នករងរបួស ស្របពេលអ្នករបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះបឋមនៅតាមផ្លូវ ខាងក្រៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែទោះ​ជា​យ៉ាង​ណា ក្រុមមន្ត្រី​មីយ៉ាន់ម៉ា​ នៅមិន​ទាន់​អាច​ប៉ាន់​ប្រមាណ​ចំនួន​អ្នក​ស្លាប់ ឬ​ការ​ខូច​ខាត​បាននៅឡើយ​ទេ។ ទន្ទឹមនឹងនោះ មន្ត្រីសេវាពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ៖”យើងទើបតែចាប់ផ្តើមត្រួតពិនិត្យជុំវិញទីក្រុងយ៉ាំងហ្គោន ដូច្នេះយើងមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយ នៅឡើយទេ”។

គួរឲ្យដឹងផងដែរថា បើតាមរូបភាពដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអគារជាច្រើននៅក្នុងទីក្រុង Mandalay ត្រូវបានដួលរលំ ដោយមានកម្ទេចថ្មពាសពេញផ្លូវ។ ជាមួយគ្នានោះ សាក្សីម្នាក់បាននិយាយថា ៖ “យើងបានរត់ចេញពីផ្ទះរបស់យើង នៅពេលដែលអ្វីៗចាប់ផ្តើមញ័រ។ ខ្ញុំបានឃើញអគារកម្ពស់ប្រាំជាន់ដួលរលំនៅពីមុខខ្ញុំ។ មនុស្សគ្រប់គ្នានៅក្នុងទីក្រុង បានរត់ចេញមកនៅតាមដងផ្លូវ ហើយគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងអគារ ឬផ្ទះវិញទេ” ។

ជម្រាបជូនថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧,៧រ៉ិចទ័រ បានវាយប្រហារនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមានការរញ្ជួយខ្លាំង ទៅដល់ប្រទេសថៃ ឡាវ វៀតណាម និងកន្លែងផ្សេងទៀតនៅក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) ៕