ស្ងាត់ៗ មហាសេដ្ឋី Elon Musk លក់បណ្តាញសង្គម X ក្នុងតម្លៃជាង ៣០ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រកាសថាបានលក់បណ្តាញសង្គម X ទៅឲ្យក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI កាន់កាប់ជំនួសវិញ នៅក្នុងតម្លៃសរុបប្រមាណ ៣៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ជុំវិញកិច្ចព្រមព្រៀងនេះ នឹងត្រូវបានគេឃើញពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនបង្កើតថ្មី xAI និងក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស X ទៅជាក្រុមហ៊ុនតែមួយ ដែលមានតម្លៃសរុបប្រមាណ ១១៣ពាន់លានដុល្លារ។

បើតាមការបញ្ជាក់ពីលោក Musk បានបង្ហាញឲ្យដឹងទៀតថា ការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយនេះ ក៏នឹងផ្តល់មកនូវសមត្ថភាព និងជំនាញផ្នែក AI កម្រិតខ្ពស់របស់ xAI គួបផ្សំជាមួយនឹងសក្តានុពលដ៏ខ្លាំងរបស់បណ្តាញសង្គម X ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មជាង ៦០០ លាននាក់ ទូទាំងពិភពលោក។

រម្លឹកថា លោក Musk បានទិញយកបណ្តាញសង្គម X ដែលពីមុនមកស្គាល់ថាជា Twitter នៅក្នុងតម្លៃសរុបប្រមាណ ៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ ហើយក្នុងរយ:ពេលពីរឆ្នាំចុងក្រោយ វេទិកានេះ ត្រូវបានផ្លាស់ប្តូរទៅជាក្រុមហ៊ុនដ៏មានប្រសិទ្ធភាពបំផុតមួយ នៅក្នុងពិភពលោក។

ជម្រាបជូនទៀតថា xAI ដែលបង្កើតឡើងដោយលោក Musk ក្នុងខែមីនា ឆ្នាំ២០២៣ បានក្លាយជាមន្ទីរពិសោធន៍ AI ឈានមុខគេមួយនៅលើពិភពលោក យ៉ាងឆាប់រហ័ស។ លោក Musk បាននិយាយបន្ថែមទៀតថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ នឹងផ្តល់នូវបទពិសោធដ៏ឆ្លាតវៃ និងមានអត្ថន័យកាន់តែច្រើន ហើយវានឹងអនុញ្ញាតឲ្យយើងអាចបង្កើតវេទិកាមួយដែលមិនគ្រាន់តែឆ្លុះបញ្ចាំងពីពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើនល្បឿនយ៉ាងសកម្មរបស់មនុស្សផងដែរ៕