អគារការិយាល័យអគ្គសវនករកម្ពស់ ៣៤ ជាន់នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានបាក់រលំបន្ទាប់ពីទទួលរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា កាលពីពេលថ្មីៗនេះ អាចនឹងទទួលបានសំណងជាទឹកប្រាក់ចំនួនជាង ១ពាន់លានបាត (ប្រមាណជិត ៣០លានដុល្លារ) ដោយអាស្រ័យលើវឌ្ឍនភាពនៃការសាងសង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជាមួយគ្នានេះ យោងតាមការចុះផ្សាយពីកាសែតក្នុងស្រុក The Nation បានរាយការណ៍កាលពីថ្ងៃទី២៩ ខែមីនាថា ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកជំនាញមកពីអាជ្ញាធរនិយតកម្មធានារ៉ាប់រងថៃ (OIC) បានបង្កើតក្រុមប្រឹក្សាភិបាលមួយដើម្បីវាយតម្លៃការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ មានប្រភពដើមនៅប្រទេសមីយ៉ាន់ម៉ា។
គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះបានបន្តរាលដល់មកដល់ប្រទេសថៃ និងធ្វើឲ្យដួលរលំទាំងស្រុងនៃអគារការិយាល័យអគ្គសវនករ ក្នុងទីក្រុងបាងកក មានកម្ពស់ ៣៤ ជាន់ ដែលកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ។ អគារនេះបានសាងសង់រួចរាល់ប្រមាណជា ៣០% ដោយចំណាយថវិកាអស់ ២,១ពាន់លានបាត។
យ៉ាងណាមិញ ចំពោះគម្រោងសាងសង់អគារនេះផងដែរ ត្រូវបានស្ថិតនៅក្រោមលក្ខខណ្ឌនៃការធានារ៉ាប់រងលើហានិភ័យទាំងអស់ (CAR) ដែលមានតម្លៃសរុបប្រមាណ ២,២៤ពាន់លានបាត (៦៦លានដុល្លារ) ដែលបែងចែករវាងក្រុមហ៊ុនចំនួន ៤ ផ្សេងគ្នា ដោយក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រង Dhipaya (៤០%) ក្រុមហ៊ុន Bangkok Insurance (២៥%) ក្រុមហ៊ុនធានារ៉ាប់រងអាគ្នេយ៍ ២៥%) និងក្រុមហ៊ុន Viriyah Insurance (១០%) ។
នាយកក្រុមហ៊ុនធានារ៉ាប់រង Bangkok Insurance លោក Apisit Anantanatarat បាននិយាយថា OIC និងក្រុមហ៊ុនធានារ៉ាប់រងពាក់ព័ន្ធផ្សេងទៀត នៅតែបន្តវាយតម្លៃការខូចខាតទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណបឋមបង្ហាញថា ការខូចខាតអាចមានលើសពី ១ពាន់លានបាត ដោយផ្អែកលើដំណើរការសាងសង់នាពេលបច្ចុប្បន្ន។
រម្លឹកផងដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីទីក្រុង Mandalay ។ ហើយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ ក៏បានធ្វើឲ្យប្រជាជនក្នុងប្រទេសជិតខាងជាច្រើនដូចជា ថៃ ឥណ្ឌា ចិន និងវៀតណាម ក៏មានអារម្មណ៍ញ័រផងដែរ។
ជម្រាបជូនថា ក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតនៅក្នុងប្រទេសថៃ ក៏កំពុងទទួលយកការទាមទារសំណងសម្រាប់អចលនទ្រព្យដែលរងផលប៉ះពាល់ផ្សេងទៀតផងដែរ ដោយរាប់ចាប់ពីអគារខ្ពស់ៗ អគារការិយាល័យ ខុនដូ មន្ទីរពេទ្យ រហូតដល់យានយន្តក្នុងទីក្រុងបាងកក និងទីក្រុងធំៗផ្សេងទៀត។ ពួកគេនិយាយថាទំហំពិតប្រាកដនៃការខូចខាតនេះ អាចនឹងដឹងកាន់តែច្បាស់ នៅសប្តាហ៍ក្រោយ៕