លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាម្ចាស់របស់កម្មវិធីកម្សាន្តខ្នាតយក្ស TikTok បានក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ប្រទេសចិន ពោលគឺបានវ៉ាដាច់ម្ចាស់សហគ្រាសផលិតទឹកសុទ្ធ លោក Zhong Shanshan និងស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Tencent លោក Ma Huateng ផងដែរ។
ជាមួយនឹងទ្រព្យសម្បត្តិសរុបឥឡូវនេះ កើនឡើងដល់ចំនួន ៥៧,៥ពាន់លានដុល្លារ បានធ្វើឲ្យលោក Zhang ឥឡូវនេះ ជាប់ចំណាត់ថ្នាក់ជាបុគ្គលមានបំផុតទីបីនៅអាស៊ី ពោលគឺតាមពីក្រោយតែមហាសេដ្ឋីកំពូលរបស់ឥណ្ឌា Mukesh Ambani និង Gautam Adani ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។
មិនតែប៉ុណ្ណោះ ជាមួយទ្រព្យសម្បត្តិដ៏ជ្រើនសន្ធឹកសន្ធាប់នេះ ក៏បានធ្វើឲ្យ លោក Zhang ក្លាយជាអ្នកមានដាច់គេបំផុតនៅក្នុងប្រទេសចិនផងដែរ។ ទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងជាង ១០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃរបស់ក្រុមហ៊ុន ByteDance មានការកើនឡើងខ្លាំង ចំពេលកំពុងមានការបណ្តាក់ទុន ពីសំណាក់ក្រុមហ៊ុនវិនិយោគធំៗ ដូចជា BlackRock Inc., Fidelity Investments និង T. Rowe Price Group Inc មកលើក្រុមហ៊ុននេះ។
ជម្រាបជូនផងដែរថា បើទោះបីជាជាប់ឈ្មោះជាមហាសេដ្ឋីកំពូលរបស់ចិនក៏ពិតមែន តែលោក Zhang បច្ចុប្បន្នកំពុងនៅក្នុងប្រទេសសិង្ហបុរី តាមរយ:ការកាន់កាប់ភាគហ៊ុនដល់ទៅ ២១% នៅក្នុងក្រុមហ៊ុន ByteDanceដែលជាអ្នកបង្កើតកម្មវិធីកម្សាន្តដ៏ល្បីល្បាញបំផុតរបស់ពិភពលោក TikTok ជាមួយនឹងអ្នកប្រើប្រាស់សរុបជាង ១ ពាន់លាននាក់៕