លោក ត្រាំ ថាអ៊ុយក្រែនកំពុងចង់ខ្លួនចេញពីកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអាមេរិកវិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសអ៊ុយក្រែនហាក់កំពុងចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងរ៉ែកម្រដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកវិញ ស្របពេលប្រធានាធិបតីអាមេរិករូបនេះ ក៏បានព្រមានចំៗទៅកាន់រដ្ឋាភិបាលទីក្រុងគៀវថា អាចនឹងប្រឈមមុខទៅនឹងបញ្ហាធំ ប្រសិនបើពួកគេចង់ធ្វើបែបនេះនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយកាលពីថ្ងៃទី៣០ ខែមីនា ដោយសំដៅចំៗទៅលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា ៖”គាត់កំពុងព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀងរ៉ែកម្រ ហើយប្រសិនបើគាត់ចង់ធ្វើបែបនោះ គាត់នឹងមានបញ្ហាធំមួយចំនួនមិនខាន” ។

ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយបន្ថែមទៀតថា ប្រធានាធិបតីលោក Zelensky ចង់ឲ្យអ៊ុយក្រែនក្លាយជាប្រទេសសមាជិករបស់អង្គការ NATO ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គោលដៅរបស់អ៊ុយក្រែននេះ នឹងមិនអាចបានសម្រេចនោះឡើយ។

យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ នៅពេលថ្មីៗនេះ ហាក់បញ្ច្រាសពីសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជាក់ថាអាមេរិក និងអ៊ុយក្រែន ខិតជិតក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីរ៉ែកម្រនេះ កាលពីសប្តាហ៍មុន។

គួរឲ្យដឹងថា ប្រធានាធិបតីលោក ត្រាំ បានបង្កើនសម្ពាធក្នុងការជំរុញឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ ដែលលោកមើលឃើញថាជាសំណងសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកទៅលើអ៊ុយក្រែន ក្នុងអំឡុងពេលមានជម្លោះ ក៏ដូចជាដើម្បីធានាការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ប្រទេសនេះនាពេលអនាគត ផងដែរ។

ជម្រាបជូនថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ ដំបូងឡើងមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ តាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្លេះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនោះបានដួលរលំវិញ បន្ទាប់ពីមានការប៉ះទង្គិចពាក្យសំដីរវាងប្រធានាធិបតី លោក ត្រំា ក៏ដូចជាអនុប្រធានាធិបតី លោក JD Vance និងមេដឹកនាំអ៊ុយក្រែននៅឯសេតវិមាន៕