ប្រទេសសេដ្ឋកិច្ចកំពូលៗបីរបស់អាស៊ី ជួបប្រជុំគ្នាលើកដំបូង ចំពេលមានសម្ពាធពន្ធពីអាមេរិក

អន្តរជាតិ

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញវិធានាការពន្ធគយនាំចូលជាបន្តបន្ទាប់មក ប្រទេសមានសេដ្ឋកិច្ចធំៗទាំងបីរបស់អាស៊ី រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង បានរៀបចំបើកកិច្ចសន្ទនាសេដ្ឋកិច្ចមួយជាលើកដំបូងរបស់ពួកគេ ក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែមីនា បានបង្ហាញឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ធ្វើការយ៉ាងជិតស្និទ្ធបំផុតដើម្បីធ្វើការចរចាលើគ្រប់ជ្រុងជ្រោយ និងកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ រវាងប្រទេសទាំងបី។ ហើយចំពោះគោលដៅដ៏សំខាន់នេះ គឺដើម្បីលើកកម្ពស់ពាណិជ្ជកម្មបន្ថែមទៀត ទាំងនៅក្នុងតំបន់ និងពិភពលោក។

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Ahn Duk-geun បាននិយាយថា ៖”អ្វីដែលត្រូវការនៅពេលនេះ គឺការពង្រឹងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងដែលប្រទេសទាំងបីចូលរួម និងបង្កើតក្របខ័ណ្ឌគោលនយោបាយសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កូរ៉េ-ចិន-ជប៉ុន” ។

គួរឲ្យដឹងផងដែរថា នេះ​ជា​កិច្ច​សន្ទនា​សេដ្ឋកិច្ច​លើក​ដំបូង​បំផុតមួយមិនធ្លាប់មាន ក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយ រវាង​ប្រទេស​ទាំង​បី។ ហើយព្រឹត្តិការណ៍នេះផងដែរ បានកើតឡើងក្នុងបរិបទដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងប្រកាសដាក់ចេញវិធានការពន្ធនាំចូលទៅវិញទៅមកបន្ថែមលើដៃគូពាណិជ្ជកម្មរបស់ខ្លួន ចាប់ពីថ្ងៃទី២ ខែមេសាតទៅ។

ជម្រាបជូនថា ទាំងចិន ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ៗបំផុតរបស់អាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោក ត្រាំ បានដាក់ពន្ធបន្ថែម ២០% លើទំនិញទាំងអស់ដែលនាំចូលពីប្រទេសចិន។ ហើយជាមួយគ្នានោះ លោកក៏បានដាក់ពន្ធ ២៥% លើរថយន្តនាំចូល ដែលជាការប៉ះពាល់យ៉ាងខ្លាំងដល់កូរ៉េខាងត្បូង និងជប៉ុន ដែលជាប្រទេសនាំចេញរថយន្តឈានមុខគេទាំងពីរ ទៅកាន់សហរដ្ឋអាមេរិក៕