លោក ត្រាំ ប្រកាសក្តែងៗចង់បន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី៣

អន្តរជាតិ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ ហាក់មិនបានបដិសេធជុំវិញលទ្ធភាពក្នុងការបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី៣ នោះឡើយ បើទោះបីជាបច្ចុប្បន្ននេះមានការកំណត់ត្រឹមតែ ២អាណត្តិប៉ុណ្ណោះ សម្រាប់តំណែងជាប្រធានាធិបតីសម្រាប់បុគ្គលម្នាក់ ដែលត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសជាមួយ NBC News កាលពីពេលថ្មីៗនេះ លោក ត្រាំ បាននិយាយថា ៖”ខ្ញុំនឹងមិននិយាយលេងសើចនោះទេ នៅពេលត្រូវបានគេសួរនាំអំពីការបន្តកាន់តំណែងសម្រាប់អាណត្តិទីបី ប៉ុន្តែវាហាក់លឿនពេកក្នុងការនិយាយអំពីវា។ មនុស្សជាច្រើនចង់ឲ្យខ្ញុំធ្វើវា ប៉ុន្តែខ្ញុំប្រាប់ពួកគេថា យើងនៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ”។

យ៉ាងណាមិញ នៅពេលត្រូវបានគេសួរនាំដល់ច្បាប់កំណត់ត្រឹមតែ ២អាណត្តិ សម្រាប់តំណែងជាប្រធានាធិបតីអាមេរិកចំពោះបុគ្គលតែម្នាក់ លោក ត្រាំ បាននិយាយទៀតថា វានៅតែអាចមានវិធីសាស្រ្តដើម្បីសម្រេចបាននូវរឿងនេះ ហើយ​បានសង្កត់ធ្ងន់ទៀតថា លោកមិន​បាន​និយាយលេងសើចអំពីលទ្ធភាពក្នុងការបន្តកាន់តំណែងសម្រាប់អាណត្តិទី៣ នេះនោះឡើយ។

យ៉ាងណាមិញ អ្នកសារព័ត៌មាន បានលើកឡើងពីសេណារីយ៉ូ​​យុទ្ធសាស្ត្រ​មួយ​​របស់​​លោក ត្រាំ ដែលអាច​ពាក់ព័ន្ធនឹងអនុប្រធានាធិបតី​ JD Vance ផងដែរ។ ក្នុងសេណារីយ៉ូនោះ លោក JD Vance អាច​ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ​២០២៨ ខាង​មុខ ហើយ​​លោក ត្រាំ អាចកាន់​តំណែង​​ជាអនុប្រធានាធិបតី។ ហើយបន្ទាប់មក លោក JD Vance អាច​លាលែង​ពី​តំណែង​របស់ខ្លួន​ ដោយ​អនុញ្ញាត​​ឲ្យ​​លោក ត្រាំ ឡើងធ្វើ​ជា​ប្រធានាធិបតី​ជំនួសវិញ។

ពាក់ព័ន្ធជាមួយសេណារីយ៉ូខាងលើនេះ លោក ត្រាំ បានឆ្លើយតបវិញថា ៖”នោះក៏អាចជាមធ្យោបាយមួយផងដែរ ប៉ុន្តែវានៅតែមានវិធីសាស្រ្តផ្សេងទៀត” ។

គួរឲ្យដឹងថា លោក ត្រាំ បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដោយបានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបម្រើការពីរអាណត្តិមិនជាប់គ្នា ក្នុងរយៈពេលជាង ១០០ឆ្នាំ។ នេះក៏មានន័យថាលោក ត្រាំ បានឈានដល់ចំនួនអតិបរមានៃច្បាប់ដែលបានចែងក្នុងវិសោធនកម្មលើកទី១២ ដែលហាមប្រាមបុគ្គលដែលជាប់ឆ្នោតចំនួន ២អាណត្តិមិនឲ្យកាន់តំណែងជាអនុប្រធានាធិបតីនោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណា សមាជិកសភាគណបក្សសាធារណរដ្ឋ លោក Andy Oges កាលពីថ្ងៃទី២៣ ខែមករា បានស្នើឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីអនុញ្ញាតឲ្យលោក ត្រាំ អាចបន្តកាន់អំណាចសម្រាប់អាណត្តិទី៣ និងរក្សាភាពជាអ្នកដឹកនាំដ៏​អស្ចារ្យ​របស់គាត់។ សំណើនេះទទួលបានការគាំទ្រពីក្រុមអភិរក្សមួយចំនួន ប៉ុន្តែវាក៏នឹងត្រូវប្រឈមមុខនឹងឧបសគ្គផ្នែកនីតិបញ្ញត្តិ ជាច្រើនផងដែរ៕