យោងតាមអ្នកវិភាគបានបង្ហាញឲ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ កាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ទៅៗ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីដែលរាលដាលចេញពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ដោយបន្ថែមសម្ពាធឲ្យមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅខែក្រោយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះខ្លាំង។ នេះបើតាមាករចុះផ្សាយសារព័ត៌មាន Bloomberg។
គ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ៧០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអង្រួនមកដល់ទីក្រុងបាងកក ដែលជាកន្លែងធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់ និងកម្មករជាង ៧០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅការដ្ឋានអគារមួយកន្លែងដែលបានបាក់រលំ ខណៈកំពុងសាងសង់។ យ៉ាងណាមិញ ក្រោយកើតហេតុការណ៍នេះ សន្ទស្សន៍ហ៊ុនគោលរបស់ប្រទេសថៃ បានធ្លាក់ចុះ ១,៧% គិតនៅត្រឹមថ្ងៃចន្ទនេះ ដែលជំរុញដោយការធ្លាក់ចុះនៃភាគហ៊ុនអចលនទ្រព្យ និងហិរញ្ញវត្ថុ។
គួរឲ្យដឹងផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ បានប្រឈមមុខនឹងផលប៉ះពាល់ខ្លាំងរួចស្រាប់ទៅហើយ ពីសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងជាពិសេសការកើនឡើងខ្ពស់នៃបំណុលគ្រួសារ ក៏ដូចជាការធ្លាក់ចុះទាបជាងការរំពឹងទុកនៃភ្ញៀវទេសចរចិន ផងដែរ។
ទន្ទឹមនឹងនេះ លោក Nattaporn Triratanasirikul សេដ្ឋវិទូប្រចាំនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បាននិយាយថា ៖”ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ ហាក់មានភាពស្រពិចស្រពិលពីកត្តាអវិជ្ជមានជុំវិញទាំងអស់ ហើយគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ បានធ្វើឲ្យស្ថានភាពនេះកាន់តែមានភាពអាក្រក់ទៅៗ”។
ជាមួយគ្នានេះ យោងតាមស្ថាប័នស្រាវជ្រាវ Citi Research បាននិយាយនៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយថា ការកាត់បន្ថយអត្រាការប្រាក់គោលបន្ថែម អាចជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងទៀត ដែលត្រូវបានពិចារណាដោយធនាគារកណ្តាល ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះខ្លាំង។
ជម្រាបជូនថា បើតាម Kasikorn Research បានប៉ាន់ប្រមាណផលប៉ះពាល់សេដ្ឋកិច្ចភ្លាមៗប្រហែល ២០ពាន់លានបាត (៥៩០លានដុល្លារ) ដោយសារគ្រោះរញ្ជួយដី ដែលភាគច្រើនមកពីការធ្លាក់ចុះនៃការចំណាយលើម្ហូបអាហារ និងសេវាកម្ម បន្ទាប់ពីប្រជាជនក្នុងទីក្រុងបាងកករាប់លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីការពារសុវត្ថិភាព៕