ក្រុមហ៊ុន Trump Organization របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម កំពុងមានផែនការលើការវិនិយោគជាច្រើនដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ ទៅលើទីលានវាយកូនហ្គោល សណ្ឋាគារ និងគម្រោងអចលនទ្រព្យ នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា Trump Organization ជាមួយនឹងដៃគូរបស់ខ្លួន គ្រោងនឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះ គម្រោងទី១ នឹងត្រូវចាប់ផ្តើមដំណើរការនៅក្នុងខែឧសភា ពោលគឺត្រឹមតែពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងជាមួយគ្នា ហើយចំពោះគម្រោងទី២ វិញ អាចត្រូវប្រកាសនៅឆ្នាំនេះ ផងដែរ។
គួរឲ្យដឹងផងដែរថា ការប្រកាសបើកការដ្ឋានសាងសង់គម្រោងដំបូងដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារ និងមានទីតាំងនៅជិតរដ្ឋធានីហាណូយរបស់វៀតណាមនេះ ត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលវិធានការពន្ធទៅវិញទៅមក របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវចូលជាធរមាន នាថ្ងៃទី២ ខែមេសាខាងមុខ ខណ:ពន្ធថ្មីនេះ នឹងដាក់លើប្រទេសណាដែលមានអតុល្យភាពពាណិជ្ជកម្ម ជាមួយអាមេរិក។
ជម្រាបជូនផងដែរថា ដំបូងឡើងគម្រោងនេះ ត្រូវបានប្រកាសកាលពីខែតុលា ដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Kinhbac City ដែលជាដៃគូវៀតណាមរបស់ Trump Organization ប៉ុន្តែពេលវេលាពិតប្រាកដនៃគម្រោងសាងសង់ទាំងនោះ មិនត្រូវបានរាយការណ៍ឲ្យដឹងពីមុនមកនោះទេ៕