លោក ត្រាំ អះអាងថាកិច្ចព្រមព្រៀងលក់ TikTok នៅអាមេរិក នឹងសម្រេចបានក្នុងពេលឆាប់ៗនេះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅនេះ បាននិយាយថា កិច្ចព្រមព្រៀងជាមួយ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីលក់កម្មវិធីវីដេអូកម្សាន្តដ៏ល្បីល្បាញមានអ្នកប្រើប្រាស់ ១៧០ លាននាក់នៅអាមេរិកនេះ អាចនឹងសម្រេចបាន មុនដល់ពេលផុតកំណត់នៅថ្ងៃទី៥ ខែមេសាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីល្ងាចថ្ងៃអាទិត្យថា ៖”យើងកំពុងមានអ្នកទិញចាំទិញដ៏សក្តានុពលជាច្រើន។វាមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការទិញយក Tiktok។ ហើយខ្ញុំនៅតែចង់ឃើញ TikTok បន្តមាននៅអាមេរិកទៀត”។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយក្នុងពេលកន្លងមកថា ក្រុមហ៊ុនឯកជន Blackstone កំពុងធ្វើវាយតម្លៃខ្ពស់ ជុំវិញការទិញយកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក មកគ្រប់គ្រងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រហូតដល់ពេលនេះ ហាក់នៅមិនទាន់មានការផ្តល់ជូនកិច្ចព្រមព្រៀងផ្លូវការណាមួយ ក្នុងទិញយកកម្មវិធីកម្សាន្តនេះ ពីក្រុមហ៊ុនយក្សចិន ByteDance នៅឡើយនោះទេ។

ជម្រាបជូនថា លោក ត្រាំ បានកំណត់ត្រឹមថ្ងៃទី៥ ខែមេសា ជាថ្ងៃផុតកំណត់សម្រាប់កម្មវិធី TikTok ដើម្បីលក់ទៅឲ្យបុគ្គល ឬក្រុមហ៊ុនអាមេរិក ដែលមិនជាជនជាតិចិន ឬមួយត្រូវប្រឈមមុខនឹងបិទចោលទាំងស្រុង នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយសារតែបញ្ហាសន្តិសុខជាតិ ដែលស្ថិតនៅក្រោមច្បាប់ឆ្នាំ២០២៤៕