លោក ត្រំា បញ្ជាក់ថាផែនការពន្ធទៅវិញទៅមក នឹងត្រូវដាក់លើគ្រប់ប្រទេសទាំងអស់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា ផែនការពន្ធគយទៅវិញទៅមក ឬ Reciprocal Tariff ដែលគ្រោងនឹងចូលជាធរមាននៅក្នុងសប្តាហ៍នេះ នឹងត្រូវដាក់លើគ្រប់ប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ លោក ត្រាំ បានហៅថ្ងៃនៃការចូលជាធរមាននៃផែនការពន្ធគយថ្មីដ៏ធំនេះ ថាជា “ថ្ងៃរំដោះ”។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានដាក់ពន្ធគយចំនួនរួចមកហើយ ទៅលើអាលុយមីញ៉ូម ដែក និងរថយន្ត រួមទាំងការដំឡើងពន្ធទៅលើទំនិញទាំងអស់ពីប្រទេសចិន ផងដែរ។

អំឡុងពេលថ្លែងប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ សង្កត់ធ្ងន់ថា ៖”អ្នកនឹងចាប់ផ្តើមជាមួយប្រទេសទាំងអស់។ ដូច្នេះហើយ សូមចាំមើលថានឹងមានរឿងអ្វីកើតឡើង ជាពិសេស​ប្រទេស​ទាំង​អស់​ដែល​យើង​កំពុង​និយាយ”។

ទន្ទឹមនឹងនេះ យោងតាមទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett ថ្មីៗនេះបានប្រាប់ Fox Business ថាពន្ធគយរបស់លោក ត្រាំ នឹងផ្តោតលើប្រទេសចន្លោះពី ១០ទៅ១៥ ដែលមានអតិរេកពាណិជ្ជកម្មខ្លាំងបំផុតជាមួយអាមេរិក ទោះបីជាលោកមិនបានបង្ហាញបញ្ជីឈ្មោះប្រទេសទាំងនោះក៏ដោយ។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយទៀតថាលោកនឹងដាក់ពន្ធទៅវិញទៅមកនេះ គឺដើម្បីប្រឆាំងនឹងប្រទេសដែលគិតថ្លៃខ្ពស់ហួសហេតុពេកលើការនាំចេញរបស់សហរដ្ឋអាមេរិក ដោយសន្យាថានឹងដាក់ពន្ធឲ្យដូចគ្នាទៅនឹងប្រទេសទាំងនោះវិញដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន លោក ត្រាំ បានស្នើថា វិធានការពន្ធរបស់លោក អាចនឹង​បន្ធូរ​បន្ថយ​សម្រាប់ប្រទេសមួយចំនួនផងដែរ ហើយប្រទេសអាចនឹងទទួលបានការលើកលែងម្តង ដោយស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួន៕