ត្រឹមមួយឆ្នាំ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិនមួយ ប្រកាសខាតបង់ជិត ៧ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអលចនទ្រព្យលំដាប់កំពូលរបស់ប្រទេសចិន Vanke កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ​ បានប្រកាសពីការខាតបង់ប្រចំាឆ្នាំរបស់ខ្លួនដល់ទៅ ៤៩,៥ពាន់លានយ៉ន់ (៦,៨ពាន់លានដុល្លារ) ដោយសារតែការធ្លាក់ចុះនៃការលក់ និងប្រាក់ចំណេញ បើទោះបីជារដ្ឋាភិបាលចិន បានព្យាយាមធ្វើឲ្យទីផ្សារលំនៅដ្ឋានស្ទុះងើបឡើងវិញក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារមួយដែលបានផ្ញើទៅកាន់ទីផ្សារហ៊ុនហុងកុង ក្រុមហ៊ុន Vanke បាននិយាយថា ២០២៤ គឺឆ្នាំដ៏ពិបាកខ្លាំងបំផុតរបស់ខ្លួន ហើយបានប្រកាសសុំទោសចំពោះការធ្វើឲ្យបាត់បង់ទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ ដែលបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ ការខាតបង់យ៉ាងច្រើន និងសម្ពាធលើសាច់ប្រាក់ងាយស្រួល ផងដែរ។

យោងតាមឯកសារផ្លូវការ បានបង្ហាញឲ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុន Vanke បានកត់សម្គាល់ពីការខាតបង់ដ៏ធំបំផុតប្រចាំឆ្នាំជាលើកដំបូង ពោលគឺចាប់តាំងពីពួកគេត្រូវបានចុះបញ្ជីក្នុងឆ្នាំ១៩៩១ មក ដែលឈានដល់ចំនួនប្រមាណ ៦,៨ពាន់លានដុល្លារ ដោយទំហំនេះគឺលើសពីការប៉ាន់ស្មានពីមុនរបស់ក្រុមហ៊ុន ដែលមានចំនួនត្រឹម ៦,២ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនវិញ ក៏បានធ្លាក់ចុះដល់ទៅ ២៦% មកនៅត្រឹមចំនួនប្រមាណ ៤៧,៣ពាន់លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០២៣។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ CRIC បានឲ្យដឹងថា ក្រុមហ៊ុន Vanke ដែលចុះបញ្ជីនៅហុងកុង គឺជាកម្មសិទ្ធិមួយផ្នែកមួយរបស់រដ្ឋាភិបាលក្រុង Shenzhen និងជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេលំដាប់ទីបួនរបស់ប្រទេសចិន ផ្នែកលើការលក់ កាលពីឆ្នាំមុន៕