លោក ត្រាំ បង្ហើបថាទីភ្នាក់ងារ DOGE របស់លោក Elon Musk អាចនឹងត្រូវបិទ

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថាទីភ្នាក់ងារ​ប្រសិទ្ធភាព​រដ្ឋាភិបាល (DOGE) អាចនឹងត្រូវបិទ ខណ:ពេលដែលមហាសេដ្ឋី Elon Musk អាចបម្រើការជាបុគ្គលិករដ្ឋាភិបាលពិសេសបានរយ:ពេលត្រឹមតែ ១៣០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយអំពីលទ្ធភាពនៃការចាកចេញពីរបស់លោក Musk ពីទីភ្នាក់ងារនេះថា៖” គាត់មានក្រុមហ៊ុនធំៗជាច្រើនដើម្បីដំណើរការ ដូច្នេះហើយនៅពេលណាមួយ គាត់នឹងត្រូវត្រលប់ទៅធ្វើការងាររបស់គាត់ទាំងនោះវិញ។ មែនទែនទៅខ្ញុំពិតជាចង់រក្សាគាត់ឲ្យនៅធ្វើការងារជាមួយយើង ឲ្យបានយូរតាមដែរអាចធ្វើទៅបាន”។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសួរថាតើ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល DOGE អាចនឹងបន្តដំណើរការដោយគ្មានវត្តមានមហាសេដ្ឋី Elon Musk ដែរឬទេ ខណ:ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានឆ្លើយតបវិញថា វាមិនច្បាស់នោះទេថា DOGE នឹងបន្តដំណើរការទៀតឬយ៉ាងណានោះ ដោយសារតែថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះ សុទ្ធសឹងតែមានមុខជំនួញផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីត្រលប់ទៅគ្រប់គ្រងវិញ។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានបញ្ជាក់ថា ៖ “នៅពេលណាមួយ DOGE នឹងត្រូវបិទ។ ហើយវានឹងក្លាយជាពេលមួយដែលរដ្ឋមន្ត្រីរបស់យើងអាចធ្វើការងារនេះ បានដោយខ្លួនឯងបាន។ នោះគឺជាអ្វីដែលយើងចង់បាន” ។

ជម្រាបជូនផងដែរថា មហាសេដ្ឋី Elon Musk ត្រូវបានតែងតាំងដោយ លោក ត្រាំ នៅក្នុងនាមជាអ្នកដឹកនាំទីភ្នាក់ងារ DOGE និងជាបុគ្គលិករដ្ឋាភិបាលពិសេសមួយ ហើយសម្រាប់មុខតំណែងនេះ នឹងមិនទទួលបានប្រាក់ឈ្នួល ដោយធ្វើការមិនលើសពី ១៣០​ ថ្ងៃក្នុងមួយឆ្នាំឡើយ៕