កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់បង្ហាញរូបរាង ប័ណ្ណមាស ជាលើកដំបូង ដែលនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណ ៥លានដុល្លារ ក្នុងមួយសន្លឹក សម្រាប់ផ្តល់ជូនអ្នកមានៗ ដែលមានបំណងចង់បានសញ្ជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ដោយភ្ជាប់មកជាមួយនឹងអក្សរ ដាក់នៅលើប័ណ្ណថា “The Trump Card” និងថែមទាំងមានរូបរបស់លោក ត្រាំ ផងនោះ ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ទិដ្ឋាការពិសេសនេះ ប្រហែលជានឹងអាចមានដាក់លក់ជាផ្លូវការ ក្នុងរយ:ពេលតិចជាងពីរសប្តាហ៍ ខាងមុខ។
យ៉ាងណាមិញ បន្ទាប់ពីបានដាក់បង្ហាញរូបរាងប័ណ្ណមាស នេះ លោក ត្រាំ បាននិយាយថា៖”ខ្ញុំនឹងជាអ្នកទិញប័ណ្ណនេះដំបូងគេ។ ហើយវាពិតជាគួរឲ្យរំភើបណាស់ ត្រូវអត់?”។
គួរឲ្យដឹងថា នៅក្នុងការចូលកាន់តំណែងក្នុងអាណត្តិទី២ នាមជាប្រធានាធិបតីអាមេរិកនេះ លោក ត្រាំ បានធ្វើឲ្យការនិរទេសជនចំណាកស្រុកខុសច្បាប់ ក្លាយជាអាទិភាពចម្បងរបស់ខ្លួន ហើយជាមួយនឹងការដាក់ចេញប័ណ្ណមាសថ្មីនេះ ត្រូវបានរំពឹងថានឹងផ្តល់មកនូវប្រាក់ចំណូលយ៉ាងច្រើន ដើម្បីកាត់បន្ថយឱនភាពជាតិរបស់សហរដ្ឋអាមេរិក ផងដែរ។
ជម្រាបជូនថា កាលពីខែកុម្ភ: លោកត្រាំ បានបង្ហាញក្តីរំពឹងទុកថា រដ្ឋបាលរបស់លោក អាចនឹងលក់ចេញប័ណ្ណមាសនេះ ក្នុងចំនួនប្រហែល ១ លានសន្លឹក ឯណោះ៕