ប្រជាជនអាមេរិករាប់ពាន់នាក់ បានចាប់ផ្តើមធ្វើបាតុកម្មទ្រង់ទ្រាយធំជាលើកដំបូង ជាមួយនឹងការប្រមូលផ្តុំគ្នាដើរដង្ហែតាមដងផ្លូវសំខាន់ៗនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងជាច្រើនផ្សេងទៀត នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងតវ៉ាទៅនឹងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់អាណត្តិទី២ នេះ។ នេះបើតាមការចុផ្សាយពីសារព័ត៌មាន AFP។
បាតុករប្រមាណជាង ៥ ០០០ នាក់ដែលកាន់ផ្លាកសញ្ញាសរសេរថា “មិនមែនជាប្រធានាធិបតីរបស់យើង” ឬផ្លាកផ្សេងទៀតដែលសរសេរថា “សូមកុំប៉ះពាល់សន្តិសុខសង្គមរបស់យើង” បានប្រមូលផ្តុំគ្នា កាលពីថ្ងៃទី៥ ខែមេសា នៅជិតសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់លោក ត្រាំ។
យ៉ាងណាមិញ តាមប្រភពខាងលើបានបង្ហាញឲ្យដឹងទៀតថា មនុស្សប្រហែល ២០ ០០០ នាក់បន្ថែមទៀត ក៏ត្រូវបានគេរំពឹងថានឹងបន្តចូលរួមនៅក្នុងការប្រមូលផ្តុំធ្វើបាតុកម្ម នៅរដ្ឋធានីវ៉ាស៊ីនតោន ផងដែរ។ ហើយមិនតែប៉ុណ្ណោះ ការតវ៉ានេះ ក៏ត្រូវបានគេគ្រោងធ្វើឡើង នៅក្នុងរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក ព្រមទាំងនៅក្នុងប្រទេសកាណាដា និងម៉ិកស៊ិក ថែមទៀតផង។
គួរឲ្យដឹងផងដែរថា ជុំវិញការតវ៉ានេះ ត្រូវបានកើតឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក ត្រាំ បានជំរុញយុទ្ធនាការមួយ ដើម្បីសម្រួលដល់រដ្ឋាភិបាល ដោយចាប់ផ្តើមដំឡើងពន្ធលើដៃគូពាណិជ្ជកម្មជាង ១៨០ ដែលបណ្តាលឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ ហើយប្រជាជនអាមេរិក ជាច្រើនមានការមិនសប្បាយចិត្ត។
ប៉ុន្តែទោះជាបែបនេះក៏ដោយ លោក ត្រាំ ហាក់នៅតែមានប្រជាប្រិយភាពខ្លាំងដដែល ក្នុងចំណោមក្រុមអ្នកគាំទ្រស្នូលរបស់ខ្លួន ខណ:កាលពីថ្ងៃសុក្រសប្តាហ៍នេះ រូបលោកបានប្រកាសយ៉ាងច្បាស់ថា គោលនយោបាយរបស់លោក នឹងនៅតែគ្មានការប្រែប្រួលអ្វី នោះឡើយ៕