បាតុកម្មប្រឆាំងតវ៉ាប្រឆាំងគោលនយោបាយរបស់លោក ត្រាំ ចាប់ផ្តើមរាលដាលដល់ទីក្រុងធំៗនៅអឺរ៉ុប

អន្តរជាតិ

មនុស្សរាប់រយនាក់ បានធ្វើការតវ៉ានៅក្នុងទីក្រុងនានា នៅតំបន់អឺរ៉ុប កាលពីថ្ងៃសៅរ៍កន្លងទៅ​ ដើម្បីប្រឆាំងទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ ក៏ដូចជាតវ៉ាទៅនឹងទីប្រឹក្សាជំនិតរបស់លោក គឺមហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk ផងដែរ បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ធ្លាក់ចុះយ៉ាង​គំហុក​ បន្ទាប់ពីការដាក់ចេញពន្ធគយថ្មីដ៏ចម្រូងចម្រាស់របស់លោក ត្រំា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ បាតុកររាប់រយនាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នាងើបតវ៉ាប្រឆាំងទៅនឹងគោលនយោបាយរបស់លោក ត្រាំ ខណ:កម្មភាពទាំងនេះ ត្រូវបានរៀបចំឡើងដោយ Democrats Abroad ដែលជាអង្គការផ្លូវការរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ពលរដ្ឋអាមេរិកដែលរស់នៅក្រៅប្រទេស។

ជាមួយគ្នានេះ នៅឯទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ដូចគ្នានោះ ការតវ៉ាទ្រង់ទ្រាយធំមួយ ក៏ត្រូវបានធ្វើឡើងនៅមុខបន្ទប់តាំងបង្ហាញរថយន្ត Tesla របស់មហាសេដ្ឋី Elon Musk ផងដែរ ដោយបាតុករទាំងនោះ បានកាន់បដាអំពាវនាវឲ្យបងប្អូនជនជាតិអាមេរិកដែលរស់នៅក្នុងប្រទេសអាឡឺម៉ង់ទាំងអស់ ចូលរួមងើបប្រឆាំងតវ៉ាទាមទារឲ្យមានការបញ្ចប់ភាពវឹកវរ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។

ដោយឡែកនៅ​រដ្ឋធានី​ប៉ារីស មនុស្ស​ប្រហែល ២០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​អាមេរិករស់នៅទីនោះ បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ Place de la République ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គោលនយោបាយរបស់ ត្រាំ ផងដែរ។ ដោយអ្នកខ្លះថែមទាំងបាន ទាមទារឲ្យប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ លាលែងពីតំណែង ថែមទៀតផង។

មិនតែប៉ុណ្ណោះ ការតវ៉ាប្រឆាំងនឹងលោក​ ត្រាំ ក៏ដូចជាមហាសេដ្ឋី Elon Musk ក៏ត្រូវបានធ្វើឡើង នៅក្នុងទីក្រុងរបស់ប្រទេសក្នុងតំបន់អឺរ៉ុបផ្សេងទៀត រួមទាំងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលីសបោន ប្រទសព័រទុយហ្គាល់ ផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញការតវ៉ានេះ ត្រូវបានកើតឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក ត្រាំ បានជំរុញយុទ្ធនាការមួយ ដើម្បីសម្រួលដល់រដ្ឋាភិបាល ដោយចាប់ផ្តើមដំឡើងពន្ធលើដៃគូពាណិជ្ជកម្មជាង ១៨០ ដែលបណ្តាលឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក ហើយថែមទាំងបានធ្វើប្រជាជនអាមេរិក ជាច្រើនមានការមិនសប្បាយចិត្តខ្លាំងផងដែរ៕