នាយកក្រុមប្រឹក្សាសេដ្ឋជាតិសេតវិមាន លោក Kevin Hassett កាលពពីពេលថ្មីៗនេះ បានចេញមុខការពារទៅលើគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយបានច្រានចោលនូវការព្រួយបារម្ភអំពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់អាមេរិក ចំពេលកំពុងមានការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំ និងការភ័យខ្លាចចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
ជុំវិញបញ្ហានេះ លោក Hassett បានបង្ហាញឲ្យដឹងថា ឥឡូវនេះ មានប្រទេសជាង ៥០ រួចហើយ ដែលកំពុងទាក់ទងមកកាន់សហរដ្ឋអាមេរិក ដើម្បីចរចាពីបញ្ហាវិធានការពន្ធគយចុងក្រោយ ដែលដាក់ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ។
មិនតែប៉ុណ្ណោះ លោក Hassett បានថ្លែងប្រាប់ទៅកាន់កម្មវិធី “This Week” របស់សារព័ត៌មាន ABC ថា៖” ការពិតនោះគឺថា ប្រទេសនានាមានការខឹងសម្បារ និងចង់ដាក់ពន្ធសងសឹកវិញ ប៉ុន្តែពួកគេក៏ចង់មានការចរចាផងដែរ។ ខ្ញុំបានទទួលរបាយការណ៍ពី អ្នកតំណាងពាណិជ្ជកម្មអាមេរិកថា មានប្រទេសជាង ៥០ រួចហើយ បានទាក់ទងមកកាន់ប្រធានាធិបតី ដើម្បីចាប់ផ្តើមការចរចា។ ពួកគេកំពុងធ្វើដូច្នេះ ដោយសារពួកគេយល់ថា ពួកគេទទួលរងនូវពន្ធគយច្រើន”។
មិនតែប៉ុណ្ណោះ លោក Hassett ក៏បានបន្តនិយាយការការពារចំពោះគោលនយោបាយរដ្ឋបាល ត្រាំ បន្ថែមទៀតថា ៖”ខ្ញុំមិនគិតថាអ្នកនឹងឃើញមានការជះឥទ្ធិពលធំដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ ព្រោះខ្ញុំគិតថា មូលហេតុដែលយើងមានឱនភាពពាណិជ្ជកម្មយូរអង្វែង គឺដោយសារតែប្រទេសទាំងនោះមានការផ្គត់ផ្គង់រហូត”។
ជម្រាបជូនផងដែរថា ការអធិប្បាយរបស់លោក Hassett នេះបានកើតឡើងនៅចំពេលដែលលោក ត្រាំ នៅដើមសប្តាហ៍នេះ បានប្រកាសអំពីការដាក់ពន្ធដ៏ទូលំទូលាយថ្មីមួយដែលធ្វើឲ្យប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកស្ទើរតែទាំងអស់ រួមទាំងពន្ធសកល ១០% លើការនាំចូល និងពន្ធជាក់លាក់បន្ថែម សម្រាប់ប្រទេសមួយចំនួនផងដែរ។
ការប្រកាសនេះបានបង្កឲ្យយមានការធ្លាក់ចុះភ្លាមៗ នៅក្នុងទីផ្សារភាគហ៊ុន និងជំរុញឲ្យមានវិធានការសងសឹកពីសំណាក់ប្រទេសផ្សេងៗ។ ហើយជាមួយគ្នានោះ អ្នកនយោបាយប្រជាធិបតេយ្យ និងអ្នករិះគន់គោលនយោបាយសេដ្ឋកិច្ចរបស់លោក ត្រាំ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចកើតមាន និងការធ្វើឲ្យទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយប្រទេសសម្ព័ន្ធមិត្ត៕