មហាសេដ្ឋី Elon Musk ទទូចចង់ឃើញពន្ធគយ ០% រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីសង្ឃឹមថានឹងអាចឃើញសហរដ្ឋអាមេរិក និងអឺរ៉ុប លុបបំបាច់ពន្ធគយលើគ្នាទៅវិញទៅមក នៅពេលអនាគត បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញពន្ធគយទ្រង់ទ្រាយធំមួយ ទៅលើប្រទេសជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk ដែលត្រូវបានគេស្គាល់ថាជាទីប្រឹក្សាដ៏ជំនិតបំផុតម្នាក់របស់ប្រធានាធិបតីលោក ត្រាំ បាននិយាយអំឡុងពេលបង្ហាញមុខតាមប្រព័ន្ធអ៊ីនធើណិត ក្នុងសន្និសីទនៃគណបក្សសម្ព័ន្ធស្តាំនិយម ក្នុងប្រទេសអ៊ីតាលីថា៖”ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក និងអឺរ៉ុប អាចយល់ព្រមក្នុងទិសដៅដែលខ្ញុំគិតថាជាគំនិតរួមមួយ ដែលជាការមិនពន្ធលើគ្នា។ នោះមានន័យថា វានឹងអាចបង្កើតតំបន់ពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងអាមេរិកខាងជើង”។

មិនតែប៉ុណ្ណោះ ស្ថាបនិកក្រុមហ៊ុន​ Tesla រូបនេះ បានបន្ថែមឲ្យដឹងទៀតថា ៖”តាមទស្សនៈរបស់ខ្ញុំ ប្រសិនបើមនុស្សចង់ធ្វើការនៅអឺរ៉ុប ឬអាមេរិកខាងជើង ពួកគេគួរតែត្រូវបានអនុញ្ញាតឲ្យផ្លាស់ទីដោយសេរី”។ ស្របពេលលោក Musk បានសង្កត់ធ្ងន់ទៀតថា លោកក៏កំពុងបំផុតគំនិតនេះ ទៅកាន់ប្រធានាធិបតី លោក​ ត្រាំ ផងដែរ។

ជម្រាបជូនផងដែរថា ការលើកឡើងរបស់លោក Musk បែបនេះ ត្រូវបានធ្វើឡើង ចំពេលដែលប្រធានាធិបតីលោក ត្រាំ បានប្រកាសដាក់ចេញពន្ធគយទ្រង់ទ្រាយធំ ជាមួយនឹងការយកពន្ធ ១០​% រាល់ការនាំចូលទំនិញទាំងអស់ ចាប់ពីថ្ងៃទី៥ ខែមេសា និងការដាក់ពន្ធពិសេសលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ដែលអាចមានកម្រិតខ្ពស់បំផុតដល់ ៥០% ចាប់ពីថ្ងៃទី៩ ខែមេសា ផងដែរ។

ជុំវិញការប្រកាសពន្ធគយថ្មីរបស់លោក ត្រាំ នេះ បានធ្វើឲ្យទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះយ៉ាងគំហុក កាលពីចុងសប្តាហ៍មុន ហើយបានបណ្តាលឲ្យមានការខាតបង់យ៉ាងធំធេងសម្រាប់មហាសេដ្ឋីជាច្រើន រួមទាំងលោក Musk ផងដែរ ដែលត្រូវបានគេរាយការណ៍ថា បានខាតបង់ដល់ទៅជាង ៣០ពាន់លានដុល្លារ ឯណោះ៕