មហាសេដ្ឋីដែលមានជាងគេបំផុតទាំងពីររបស់ពិភពលោក ដូចជា Elon Musk , Jeff Bezos និង Mark Zuckerberg ត្រូវបានគេរាយករណ៍ថា បានខាតបង់លុយយ៉ាតិច ២៣ពាន់លានដុល្លារ ក្នុងម្នាក់ៗ ពោលត្រឹមរយ:ពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសដាក់ចេញគោលនយោបាយពន្ធគយថ្មីរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២ ខែមេសាថាលោកនឹងដាក់ពន្ធអប្បបរមា ១០% លើការនាំចូលពីប្រទេសទាំងអស់។ ក្នុងពេលជាមួយគ្នានេះ លោកបានប្រកាសដាក់ពន្ធទៅវិញទៅមក លើប្រទេសចំនួន ១៨០ ដែលក្នុងនោះប្រទេសមួយចំនួននឹងទទួលរងពន្ធគយដែលមានកម្រិតខ្ពស់បំផុតដល់ទៅ ៥០% ផងដែរ។
ជុំវិញព័ត៌មានដ៏ក្តៅគគុកនេះ បានធ្វើឲ្យទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះយ៉ាងគំហុក ដោយសន្ទស្សន៍ទីផ្សារហ៊ុនធំៗដូចជា Dow Jones, S&P 500 និង Nasdaq សុទ្ធសឹងតែបានធ្លាក់ចុះអស់ច្រើនជាង ៥% នៅក្នុងការជួញដូរចុងក្រោយ។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ជុំវិញព័ត៌មាននេះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីដែលមានជាងគេបំផុតទាំងបីរបស់ពិភពលោក ដូចជា Elon Musk ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Tesla និង SpaceX នោះ បានធ្លាក់ចុះអស់ប្រមាណ ៣០,៩ពាន់លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ខាតបង់អស់ ២៣,៤ពាន់លានដុល្លារ និងមេធំ Facebook លោក Mark Zuckerberg បានខាតបង់ ២៧,៣ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Tesla, Amazon និង Meta សុទ្ធសឹងតែត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេ ដោយសារតែឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិក បានពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតផលបន្ទះឈីប និងសេវាកម្ម IT ពីប្រទេសចិន ឥណ្ឌា និងតៃវ៉ាន់។ ក្នុងនោះ អាមេរិក បានប្រកាសដាក់ពន្ធ ៣២% លើទំនិញពីតៃវ៉ាន់ ២៦% លើឥណ្ឌា និងដំឡើងអត្រាពន្ធសរុបដល់ ៥៤% លើប្រទេសចិន ផងដែរ៕