ថៃ គ្រោងនាំចូលទំនិញសំខាន់ៗពីអាមេរិកបន្ថែម ដើម្បីកាត់បន្ថយសម្ពាធពន្ធរបស់លោក ត្រាំ

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខ្លួននឹងនាំចូលរថយន្ត គ្រឿងអេឡិចត្រូនិក និងឧស្ម័នធម្មជាតិពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីបង្រួមអតិរេកពាណិជ្ជកម្មឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira កាលពីថ្ងៃ៤ ខែមេសា ពោលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២ ខែមេសា ថា លោកនឹងដាក់ពន្ធគយដល់ទៅ ៣៧% លើទំនិញនាំចូលទាំងអស់ពីប្រទេសថៃ។

យ៉ាងណាមិញ ជុំវិញវិធានពន្ធដ៏ក្តៅគគុកនេះ លោក Pichai បាននិយាយថា ប្រទេសថៃ គ្រោងនឹងនាំចូលរថយន្តកាន់តែច្រើន ក៏ដូចជាឧស្ម័នធម្មជាតិរាវ (LNG) និងគ្រឿងអេឡិចត្រូនិក ពីសហរដ្ឋអាមេរិក ដើម្បីព្យាយាមបង្រួមគម្លាតពាណិជ្ជកម្ម ខណ:ពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក បានកំណត់ឱនភាពរបស់ខ្លួនជាមួយប្រទេសថៃ មានចំនួន ៤៥,៦ពាន់លានដុល្លារ។

លោក Pichai បាននិយាយទៀតថា ៖”ការកាត់បន្ថយអតិរេកពាណិជ្ជកម្មរហូតដល់កម្រិតដែលអាមេរិក យល់ថាអាចទទួលយកបាន គឺជាគន្លឹះដ៏សំខាន់។ យើងនឹងព្យាយាមកាត់បន្ថយឲ្យដល់ជិតដល់សូន្យ តាមដែលអាចធ្វើទៅបាន។ ហើយការធ្វើបែបនេះ អាចសម្រេចបានតាមពីរវិធី៖ មួយ ការរក្សាទំហំពាណិជ្ជកម្មទ្វេភាគីបច្ចុប្បន្ន និងពីរ បង្កើនការនាំចូលពីសហរដ្ឋអាមេរិក”។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃរូបនេះ បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន អាចនឹងត្រូវបានកាត់បន្ថយចំនួន ១% ដោយសារតែវិធាការដំឡើងពន្ធទៅវិញទៅមក ដែលដាក់ដោយសហរដ្ឋអាមេរិកនេះ។

ជាមួយគ្នានេះ លោក Kiatanantha Lounkaew សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Thammasat បានថ្លែងប្រាប់ទៅកាន់កាសែតក្នុងស្រុក Bangkok Post ថា សហរដ្ឋអាមេរិក តែងតែបង្ហាញសញ្ញាអំពីការត្រៀមខ្លួនក្នុងការចរចាជានិច្ច។ ដូច្នេះ​ថៃ​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាពជាទីបំផុត។ ហើយដើម្បីអាចបំពេញតាមការរំពឹងទុករបស់លោក ត្រាំ ប្រទេសនេះចាំបាច់ត្រូវបង្កើតជាបន្ទាន់នូវផែនការច្បាស់លាស់មួយ ដើម្បីនាំយកទៅកាន់តុចរចា ជាមួយសហរដ្ឋអាមេរិក៕