ឥណ្ឌូណេស៊ី ប្រកាសមិនសងសឹកទៅនឹងពន្ធគយ ៣២% ដែលអាមេរិកដាក់លើខ្លួនឡើយ

អន្តរជាតិ

រដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់ខ្លួននឹងមិនចាត់វិធានការតបតណាមួយ ដើម្បីប្រឆាំងទៅនឹងពន្ធគយ ៣២% ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់មកលើឥណ្ឌូណេស៊ីនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌូណេស៊ី នឹងនៅតែបន្តរក្សាទំនាក់ទំនងការទូត និងការចរចាដើម្បីស្វែងរកដំណោះស្រាយដែលមានអត្ថប្រយោជន៍ទៅវិញទៅមក បន្ទាប់ពីលោក ត្រាំ បានប្រកាសពីការដំឡើងពន្ធសកលទ្រង់ទ្រាយធំ កាលពីថ្ងៃពុធ សប្តាហ៍មុន។

លោក Airlangga បាននិយាយទៀតថា៖ “ជុំវិញវិធានការមិនឆ្លើយតបប្រឆាំងទៅពន្ធគយនេះ គឺត្រូវបានធ្វើឡើងដោយពិចារណាលើផលប្រយោជន៍រយៈពេលវែងនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាដើម្បីរក្សាបរិយាកាសវិនិយោគ និងស្ថិរភាពសេដ្ឋកិច្ចជាតិ”។ លោកក៏បានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុងហ្សាកាតា នឹងបន្តគាំទ្រដល់វិស័យដែលរងផលប៉ះពាល់ខ្លាំង ដូចជាឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើង ជាដើម។

មិនតែប៉ុណ្ណោះ លោក Airlangga បញ្ជាក់ទៀតថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងប្រមូលធាតុចូលពីផ្នែកធុរកិច្ច នៅថ្ងៃចន្ទនេះ ដើម្បីជួយបង្កើតជាយុទ្ធសាស្រ្តជាក់លាក់ ក្នុងការដោះស្រាយបញ្ហពន្ធគយរបស់សហរដ្ឋអាមេរិក ហើយនឹងស្វែងរកមធ្យោបាយដើម្បីបង្កើនពាណិជ្ជកម្មជាមួយបណ្តាប្រទេសអឺរ៉ុបជាជម្រើសជំនួសផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក និងចិន។

ជម្រាបជូនផងដែរថា ឥណ្ឌូណេស៊ី បានប្រកាសពីអតិរេកពាណិជ្ជកម្មចំនួនដល់ទៅ ១៦,៨ពាន់លានដុល្លារកាលពីឆ្នាំមុន ជាមួយសហរដ្ឋអាមេរិកដែលជាគោលដៅនាំចេញធំបំផុតទី៣ របស់ខ្លួន ដោយមានទំហំនាំចេញសរុប ២៦,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ ក្នុងនោះទំនិញកនាំ​ចេញ​សំខាន់​របស់​ឥណ្ឌូណេស៊ី ​ទៅ​អាមេរិក ​រួម​មាន​គ្រឿង​អេឡិចត្រូនិក សម្លៀក​បំពាក់ និង​សម្លៀក​បំពាក់ និង​ស្បែក​ជើង ជាដើម៕