ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ការជំទាស់របស់ប្រទេសចិន ចំពោះវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានរារាំងមិនឲ្យកិច្ចព្រមព្រៀងលក់ និងរក្សាទុកកម្មវិធីកម្សាន្ត TikTok នៅទឹកដីសហរដ្ឋអាមេរិក អាចកើតមានឡើងបាននោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ជុំវិញបញ្ហានេះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា ៖”យើងមានកិច្ចព្រមព្រៀងជាច្រើនសម្រាប់ TikTok ។ ប្រសិនបើខ្ញុំព្រមកាត់បន្ថយពន្ធតែបន្តិចបន្តួចនោះ ពួកគេនឹងយល់ព្រមលក់ TikTok ក្នុងរយៈពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ។ ហើយនេះគឺបង្ហាញយ៉ាងច្បាស់ពីអំណាចនៃពន្ធគយ” ។
គួរឲ្យដឹងថាមន្ត្រីរដ្ឋបាល ត្រាំ រួមទាំងអនុប្រធាន លោក JD Vance និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz បាននិងកំពុងធ្វើការយ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងមួយ ដើម្បីធានាដល់ការទិញកម្មវិធីបណ្តាញសង្គមដ៏ពេញនិយម ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance ទៅឲ្យអ្នកទិញដែលជាជនជាតិអាមេរិក ដោយស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិដែលបានដាក់ចេញនៅក្នុងឆ្នាំ២០២៤។
យ៉ាងណាមិញ នៅមុនពេល លោក ត្រាំ ប្រកាសពីការដាក់ចេញពន្ធគយថ្មីទ្រង់ទ្រាយធំបន្ថែមទៀត កាលពីថ្ងៃពុធសប្តាហ៍មុនកន្លងទៅនោះ កិច្ចព្រមព្រៀងមួយចំនួន ក្នុងការទិញយក TikTok ត្រូវបានគេរាយការណ៍ថាខិតជិតសម្រេចបានទៅហើយ ដោយក្នុងនោះក្រុមហ៊ុនអាមេរិកធំៗ ដូចជា Oracle Corp., Blackstone Inc. និងក្រុមហ៊ុនបណ្តាក់ទុន Andreessen Horowitz សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនោះមិនត្រូវបានគេប្រកាសជាសាធារណៈទេ ហើយបើយោងតាមមកាសែត Washington Post បានរាយការណ៍មុននេះថា ចំណាត់ការរបស់លោក ត្រាំ ក្នុងការបង្កើនពន្ធលើប្រទេសចិន បានធ្វើឲ្យការចរចារទាំងនេះត្រូវបានផ្អាកវិញ។
ជាមួយគ្នានេះ លោក ត្រាំ បាននិយាយទៀតថា លោកនឹងសុខចិត្តកាត់បន្ថយកិច្ចព្រមព្រៀងជាមួយចិន ដើម្បីបន្ធូរបន្ថយពន្ធគយ ប្រសិនបើប្រទេសនេះ យល់ព្រមលក់កម្មវិធី TikTok មកឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងនោះ៕