ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រទេសចិន ជាមួយនឹងការដាក់ចេញពន្ធគយ ៥០% បន្ថែមទៀត លើទំនិញទាំងអស់ដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក បើសិនរដ្ឋាភិបាលទីក្រុងប៉េកាំងមិនព្រមដកចេញពន្ធសងសឹក ៣៤% របស់ខ្លួនទេនោះ ចំពេលទីផ្សារហ៊ុនកំពុងបន្តធ្លាក់ចុះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
រដ្ឋាភិបាលចិន បានប្រកាសដាក់ចេញនូវពន្ធគយសងសឹកវិញយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពី លោក ត្រាំ បានធ្វើការសម្រេចចិត្តកាលពីដើមសប្តាហ៍មុន ក្នុងការយកពន្ធរហូតដល់ទៅ ៣៤% លើកនាំចូលទំនិញទាំងអស់របស់ចិន ដែលជាផ្នែកមួយនៃវិធានការពន្ធគយទ្រង់ទ្រាយធំចុងក្រោយ ដែលប្រធានាធិបតីអាមេរិក ដាក់លើដៃគូពាណិជ្ជកម្មស្ទើតែទាំងអស់។
យ៉ាងណាមិញ ជុំវិញការដាក់ចេញវិធានការពន្ធគយសងសឹកនេះ លោក ត្រាំ បានបង្ហោះសារមួយនៅលើបង្ហាញសង្គមរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយទុកបពេលឲ្យប្រទេសចិន រហូតដល់ថ្ងៃអង្គារនេះ ដើម្បីលុបចោលវិធានការប្រឆាំងរបស់ខ្លួនវិញ ឬមួយត្រូវប្រឈមមុខទៅនឹងការដាក់ពន្ធ ៥០% បន្ថែមទៀត។
ប៉ុន្តែទោះជាយ៉ាងណា ជាការឆ្លើយតប ស្ថានទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពីបទគំរាមកំហែងផ្នែកសេដ្ឋកិច្ច ហើយបាននិយាយថា ប្រទេសរបស់ខ្លួន នឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
ជម្រាបជូនផងដែរថា ប្រសិនបើលោក ត្រាំ ធ្វើសកម្មភាពជុំវិញការដំឡើងពន្ធថ្មីចុងក្រោយបន្ថែមទៀតនោះ ក្រុមហ៊ុនអាមេរិក អាចប្រឈមមុខនឹងអត្រាពន្ធគយសរុបដល់ទៅ ១០៤% លើការនាំចូលទំនិញពីចិន ដោយសារតែពន្ធគយលើទំនិញដែលស្រាប់ រួមជាមួយនឹងការដំឡើងពន្ធ ២០% ដែលត្រូវបានដាក់រួចម្តងហើយ កាលពីក្នុងខែមីនា និង ៣៤% បន្ថែមទៀត ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន៕