មហាសេដ្ឋីកំពូលៗអាមេរិកជាច្រើន កំពុងទទូចឲ្យលោក ត្រាំ ពន្យារពេលដាក់ពន្ធគយថ្មី ៩០ថ្ងៃសិន

អន្តរជាតិ

លោក Jamie Dimon , Bill Ackman រួមជាមួយមហាសេដ្ឋីលំដាប់កំពូលៗរបស់សហរដ្ឋអាមេរិកជាច្រើនទៀត កំពុងអំពាវនាវឲ្យមានការពន្យារពេល ៩០ថ្ងៃសិន ជុំវិញការដាក់ចេញគោលនយោបាយពន្ធគយទៅវិញទៅមក (Reciprocal Tariff) របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីទាំងនោះ បានព្រមានថា គោលនយោបាយបង់ពន្ធទៅវិញទៅមក របស់ប្រធានាធិបតី លោក ត្រាំ នឹងជំរុញឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិ និងអាចធ្វើឲ្យខូចជំហររបស់សហរដ្ឋអាមេរិក ក្នុងជានាមមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកផងដែរ។

យ៉ាងណាមិញ ដោយបន្ថែមពីលើនោះ ក្រុមមហាសេដ្ឋីលំដាប់កំពូលៗទាំងនោះ ក៏បានអំពាវនាវឲ្យរដ្ឋបាលរបស់លោក ត្រំា ធ្វើសកម្មភាពឲ្យបានឆាប់រហ័ស ស្របពេលដែលទីផ្សារភាគហ៊ុនកំពុងធ្លាក់ចុះយ៉ាងគំហុក ដោយសារតែគោលនយោបាយពន្ធគយថ្មីចុងក្រោយនេះ។

ទន្ទឹងមនេះ មហាសេដ្ឋី Bill Ackman ដែលជាស្ថាបនិកមូលនិធិការពារហានិភ័យ Pershing Square បានស្នើឲ្យមានការពន្យារពេល ៩០ថ្ងៃ ទៅលើវិធានការពន្ធគយទ្រង់ទ្រាយធំចុងក្រោយនេះ។ មិនតែប៉ុណ្ណោះ លោកក៏បានជំរុញឲ្យប្រធានាធិបតី លោក​ ត្រាំ ធ្វើការចរចាឡើងវិញ ទៅលើកិច្ចព្រមព្រៀងពន្ធមិនយុត្តិធម៌មួយចំនួន ផងដែរ។

គួរឲ្យដឹងផងដែរថា លោក Ackman ដែលជាពាណិជ្ជករ និងធ្លាក់ជាអ្នកគាំទ្រ​ស្មោះស្ម័គ្រ​របស់លោក ត្រាំ នោះ ឥឡូវនេះបានងាកមកធ្វើការរិះគន់ជាសាធារណៈទៅលើវិធានការពន្ធទៅវិញទៅមក ដែលអាចបណ្តាលឲ្យអាជីវកម្មប្រឈមមុខនឹងការលំបាក និងអ្នកប្រើប្រាស់ក្នុងស្រុកកាន់តែរឹតត្បិតការចំណាយរបស់ពួកគេ។

ដោយឡែក មហាសេដ្ឋី Richard Branson ស្ថាបនិកក្រុមហ៊ុន Virgin Group ក៏បានសរសេរនៅលើបណ្តាញសង្គម X ថា ៖”ពន្ធគយរបស់រដ្ឋាភិបាលអាមេរិក កំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងទិសដៅដ៏គ្រោះថ្នាក់”។ លោកក៏ថែមទាំងបានអំពាវនាវឲ្យរដ្ឋបាលរបស់លោក ត្រាំ ទទួលស្គាល់នូវកំហុសរបស់ខ្លួន ផងដែរ។

ដោយបានធ្វើការរិះគន់ទៅលើគោលនយោបាយពន្ធដារទៅវិញទៅមកនេះ លោក Jamie Dimon នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan ក៏បានព្រមានអំពីហានិភ័យនៃការកើនឡើងតម្លៃទំនិញប្រើប្រាស់ ដែលជំរុញឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងធ្វើឲ្យជំហររបស់អាមេរិក នៅក្នុងពិភពលោកកាន់តែចុះខ្សោយ។

ជម្រាបជូនផងដែរថា ទីផ្សារភាគហ៊ុនអាមេរិក បានបន្តធ្លាក់ចុះយ៉ាងគំហុកនៅក្នុងការជួញដូរចុងក្រោយ នៅថ្ងៃទី៧ ខែមេសា ដោយក្នុងនោះទីផ្សារហ៊ុន S&P 500 បានធ្លាក់ចុះអស់ប្រមាណ ១៣% ។ ហើយនេះ​ក៏ជា​លើក​ទី​មួយ​ផងដែរ ​ដែល​ទីផ្សារហ៊ុនរបស់អាមេរិក មានការរង្គោះរង្គើខ្លាំង គិតចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ២០០៨ មក៕