មហាសេដ្ឋី Elon Musk ទាស់ពាក្យសម្តីជាមួយទីប្រឹក្សាកំពូលរបស់ ត្រាំ ជុំវិញវិធានការពន្ធគយថ្មី

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្ហាញពីការមិនយល់ស្របរបស់ខ្លួនជាសាធារណ: ជាមួយទីប្រឹក្សាកំពូលៗពីររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ស្តីពីការធ្វើពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា លោក Musk បានរិះគន់ជាសាធារណ:ម្តងហើយម្តងទៀត ចំពោះមន្ត្រីពាណិជ្ជកម្មនៅក្នុងជួររដ្ឋាភិបាលរបស់លោក ត្រាំ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទាក់ទងទៅនឹងគោលនយោបាយនៃការដំឡើងពន្ធទៅវិញទៅមក លើដៃគូសេដ្ឋកិច្ចភាគច្រើនរបស់អាមេរិក។

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម X ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បានធ្វើការរិះគន់ទៅលើទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក Peter Navarro ចំៗតែម្តង ថាជាមនុស្សខ្វះបទពិសោធជាក់ស្តែង និងបានតែទ្រឹស្តីពេក។

លោក Musk បាននិយាយទៀតថា ​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចរបស់លោក Navarro មកពីសាកលវិទ្យាល័យ Harvard តាមពិតទៅគ្មានអ្វីអស្ចារ្យនោះទេ បន្ទាប់ពីទីប្រឹក្សាសេតវិមានរូបនេះ បានលើកឡើងពីប្រវត្តិសិក្សាផ្ទាល់ខ្លួនរបស់លោក នៅពេលត្រូវបានគេឲ្យផ្តល់យោបល់លើគោលនយោបាយពន្ធគយថ្មីរបស់លោក ត្រាំ នៅលើបុស្តិ៍ទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះ។

លោក Musk ក៏បានសរសេរបន្ថែមទៀតថា ៖”ការដែលមានសញ្ញាប័ត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពី Harvard នាំឲ្យអ្នកមាន​អំនួត​ខ្លាំងពេក ដែលធ្វើឲ្យលើសពីសមត្ថភាពជាក់ស្តែង” ។

យ៉ាងណាមិញ ជុំវិញការទាស់ទែងពាក្យសម្តីគ្នានេះ បានកើតឡើង បន្ទាប់ពីលោក Navarro បានឆ្លើយតបទៅនឹងគំនិតរបស់លោក Musk ពាក់ព័ន្ធទៅពន្ធគយ ០% រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយនិយាយថាមហាសេដ្ឋីរូបនេះ គ្មានយល់អ្វីទាំងអស់ នៅពេលពិភាក្សាអំពីគោលនយោបាយពន្ធនាំចូល។

ជម្រាបជូនថា ការរិះគន់ជាសាធារណៈរបស់លោក Musk ចំពោះពន្ធគយថ្មីនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី លោក ត្រាំ បានប្រាប់ទីប្រឹក្សាជិតស្និទ្ធ និងសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនថាថា CEO ក្រុមហ៊ុន Tesla នឹងត្រូវចុះចេញពីតួនាទីរបស់ខ្លួន នាមជាប្រធានការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។

ហើយមិនតែប៉ុណ្ណោះ​ ជុំវិញវិធានការពន្ធគយដែលលោក ត្រាំ បានប្រកាសកាលពីសប្តាហ៍មុន បានធ្វើឲ្យទីផ្សារហ៊ុនរបស់ពិភពលោកធ្លាក់ចុះយ៉ាងគំហុក ដោយក្នុងនោះសូម្បីតែលោក Musk ក៏ទទួលរងផលប៉ះពាល់ខ្លាំងផងដែរ។ លោក Musk ត្រូវបានគេរាយការណ៍ថា បានខាតបង់លុយអស់ច្រើនជាង ៣០ពាន់លានដុល្លារ គិតចាប់តាំងពីលោក ត្រាំ ប្រកាសពន្ធមក នេះបើយោងតាម CNBC ៕