ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលៗនៅក្នុងតំបន់អាស៊ី ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះអស់ដល់ទៅរាប់សិបពាន់លានដុល្លារ ខណ:ពេលដែលទីផ្សារហ៊ុនរបស់ពិភពលោក កំពុងមានភាពរង្គោះរង្គើខ្លាំង បន្ទាប់ពីពីការប្រកាសដាក់ចេញវិធានការពន្ធគយទ្រង់ទ្រាយធំថ្មីបន្ថែម របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ។
យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានឲ្យដឹងថា បុគ្គលដែលមានបំផុតទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង ២០ របស់អាស៊ី បានមើលឃើញទ្រព្យសម្បត្តិរួមរបស់ពួកគេ ធ្លាក់ចុះអស់ ៤៥,៩ពាន់លានដុល្លារ ពោលគឺបន្ទាប់ពីទីផ្សារហ៊ុនដ៏ធំបំផុតមួយរបស់អាស៊ី MSCI Asia Pacific បានធ្លាក់ចុះដល់ទៅ ៨,៥% ។
យ៉ាងណាមិញ សហស្ថាបនិកក្រុមហ៊ុន Tencent Holdings លោក Pony Ma ដែលត្រូវបានចាត់ទុកថាជាមហាសេដ្ឋីលំដាប់កំពូលមួយរបស់អាស៊ីនោះ ត្រូវបានគេមើលឃើញថាបានធ្លាក់ចុះទ្រព្យសម្បត្តិអស់ច្រើនជាងគេ ពោលគឺដល់ទៅប្រមាណ ៦,៨ពាន់លានដុល្លារ ឬស្មើ ១២% នៃទ្រព្យសម្បត្តិសរុបរបស់លោក។
ដោយឡែកនៅប្រទេសឥណ្ឌា មហាសេដ្ឋីរកស៊ីផ្នែកហេដ្ឋរចនាសម្ព័ន្ធ លោក Gautam Adani បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះចំនួន ៤,២ពាន់លានដុល្លារ ស្របពេលលោក Robin Zeng ដែលជាមហាសេដ្ឋីលំដាប់កំពូលរបស់ហុងកុង បានធ្លាក់ចុះទ្រព្យអស់ប្រមាណ ៤,១ពាន់លានដុល្លារ ផងដែរ។
ជម្រាបជូនផងដែរថា មហាសេដ្ឋីទាំង ៥០០ របស់ពិភពលោក ក៏ត្រូវបានគេរាយការណ៍ថា បានខាតបង់ទឹកប្រាក់សរុបអស់ដល់ទៅជាងកន្លះទ្រីលានដុល្លារឯណោះ នៅចន្លោះថ្ងៃបើកការជួញដូរដំបូង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃបិទទៅវិញ នៅថ្ងៃសុក្រសប្តាហ៍មុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេលត្រឹមតែពីរថ្ងៃ៕