កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ បានជំរុញសហរដ្ឋអាមេរិក ពិចារណាឡើងវិញ ដើម្បីកុំកាត់បន្ថយកម្មវិធីជំនួយមនុស្សធម៌ ដោយថែមទាំងបានចាត់ទុកថាការកាត់ជំនួយនេះ មិនខុសពីការកាត់ទោសប្រហារជីវិតមនុស្សរាប់លាននាក់ ឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
WFP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X នៅថ្ងៃទី៨ ខែមេសានេះថា៖ “កម្មវិធីស្បៀងអាហារពិភពលោក (WFP) មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសនាពេលថ្មីៗនេះ ដោយរដ្ឋបាលសហរដ្ឋអាមេរិកថា ការផ្តល់មូលនិធិសម្រាប់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ដល់ប្រទេសចំនួន ១៤ ត្រូវបានផ្អាក” ។
សេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយទៀតថា ៖”ប្រសិនបើវាត្រូវបានអនុវត្តពិតមែននោះ វានឹងស្មើនឹងការកាត់ទោសប្រហារជីវិតទៅលើមនុស្សរាប់លាននាក់ ដែលប្រឈមនឹងការស្រេកឃ្លានយ៉ាងខ្លាំង។ យើងកំពុងទាក់ទងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់អំពីបញ្ហានេះ និងជំរុញឲ្យពួកគេបន្តគាំទ្រដល់កម្មវិធីសង្គ្រោះជីវិតទាំងនេះ”។
យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន AP ដែលបានដកស្រង់សម្តីមន្ត្រីម្នាក់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងពិចារណាលុបចោលកម្មវិធីមនុស្សធម៌ដែលនៅសេសសល់មួយចំនួន ដែលដំណើរការដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។
ជម្រាបជូនផងដែរថា រដ្ឋបាលរបស់លោក ត្រាំ បានកាត់បន្ថយការផ្តល់មូលនិធិសម្រាប់កម្មវិធីគ្រាអាសន្នរបស់ WFP ដែលកំពុងជួយមនុស្សរាប់លាននាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី យេម៉ែន និងប្រទេសចំនួន ១១ ផ្សេងទៀតដែលកំពុងតស៊ូជាមួយនឹងផលវិបាកនៃជម្លោះរ៉ាំរ៉ៃ៕