យោងតាមទស្សនាវដ្តី របស់ Forbes កាលពីពេលថ្មីៗនេះ បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីមានវ័យក្មេងបំផុតទាំង៥ នៅលើពិភពលោក ក្នុងឆ្នាំនេះ ខណ:ទ្រព្យសម្បត្តិសរុបរបស់ពួកគេរួមគ្នាមានចំនួនរហូតដល់ទៅ ១៨,១ពាន់លានដុល្លារ។
១. Johannes von Baumbach វ័យ ១៩ឆ្នាំ
Johannes មានវ័យក្មេងជាងគេ ក្នុងចំណោមអ្នកស្នងមរតករបស់ក្រុមហ៊ុនផលិតឱសថខ្នាតយក្សរបស់អាឡឺម៉ង់ Boehringer Ingelheim ហើយត្រូវបានជាប់នៅក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ក្នុងឆ្នាំនេះ។ តាមការប៉ាន់ស្មាន ទ្រព្យសម្បត្តិសរុបរបស់ Johannes មានចំនួនសរុបប្រមាណ ៥,៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៧ ខែមីនា។
២. Livia Voigt វ័យ ២០ឆ្នាំ
Livia Voigt គឺជាអ្នកស្នងមរតកម្នាក់ក្នុងចំណោមអ្នកស្នងមរតក ១៨នាក់ផ្សេងទៀត នៃក្រុមហ៊ុនផលិតម៉ូទ័រអគ្គិសនី WEG និងថែមទាំងបានជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុត កាលពីឆ្នាំមុនផងដែរ។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ The Sun ។
Livia ទទួលមរតកភាគហ៊ុនសរុប ៣,១% នៅក្នុងក្រុមហ៊ុនខ្នាតយក្សប្រេស៊ីលមួយនេះ បន្ទាប់ពីជីតារបស់នាង គឺលោក Werner Ricardo Voigt ដែលជាសហស្ថាបនិករបស់ WEG បានទទួលមរណភាពនៅឆ្នាំ២០១៦ ។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់នាងមានចំនួនសរុបប្រមាណ ១,១ពាន់លានដុល្លារ។
៣.Clemente Del Vecchio វ័យ ២០ឆ្នាំ
ទ្រព្យសម្បត្តិដ៏ច្រើនរបស់ Clemente Del Vecchio គឺកើតចេញពីការកាន់កាប់ភាគហ៊ុន ១២,៥% នៅក្នុងក្រុមហ៊ុន Delfin ដែលបង្កើតឡើងដោយឪពុករបស់គេ ឈ្មោះ Leonardo Del Vecchio ដែលបានទទួលមរណភាពនៅឆ្នាំ២០២២។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី៧ ខែមីនា ទ្រព្យសម្បត្តិសរុបរបស់ Del Vecchio ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦,៦ពាន់លានដុល្លារ។
៤. Kim Jung-youn វ័យ ២១ឆ្នាំ
Kim Jung-youn និងប្អូនស្រីរបស់ខ្លួន ទទួលបានមរតកជាភាគហ៊ុន ៩% ក្នុងម្នាក់ នៅក្នុងក្រុមហ៊ុនផលិតហ្គេមខ្នាតយក្សរបស់កូរ៉េខាងត្បូង-ជប៉ុន Nexon បន្ទាប់ពីឪពុករបស់ពួកគេគឺ Kim Jung-ju ដែលជាស្ថាបនិកក្រុមហ៊ុន បានទទួលមរណភាពទៅនៅឆ្នាំ២០២២ ។ បច្ចុប្បន្ន Jung-youn មានទ្រព្យសម្បត្តិសរុប្រមាណ ១,៣ពាន់លានដុល្លារ។
៥. Kevin David Lehmann វ័យ ២២ឆ្នាំ
Kevin David Lehmann កាន់កាប់ភាគហ៊ុនសរុបដល់ទៅ ៥០% នៅក្នុងក្រុមហ៊ុន dm-drogerie markt ដែលជាខ្សែសង្វាក់ហាងលក់ឱសថដ៏ធំបំផុតមួយរបស់ប្រទេសអាល្លឺម៉ង់ និងមានសាខាប្រហែល ៤ ១២០កន្លែងនៅទូទាំងទ្វីបអឺរ៉ុប។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់ Kevin មានចំនួនប្រមាណ ៣,៦ពាន់លានដុល្លារ៕