ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធលើការនាំចូលថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ រហូតដល់ទៅ ១០៤% សម្រាប់ទំនិញទាំងអស់របស់ប្រទេសចិន នៅថ្ងៃពុធនេះតទៅ។ នេះបើយោងតាមលោក ស្រី ការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃអង្គារ។
ប្រទេសចិន ត្រូវបានកំណត់រួចហើយ ជាមួយនឹងការកើនឡើងពន្ធដល់ទៅ ៣៤% ដែលជាផ្នែកមួយនៃវិធានាការពន្ធគយទៅវិញទៅមក ដែលដាក់ដោយប្រធានាធិបតីលោក ត្រាំ កាលពីពេលថ្មីៗនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានប្រកាសលោកនឹងបន្តដាក់ពន្ធ ៥០% ផ្សេងទៀត បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បដិសេធមិនព្រមលុបចោលវិធានការរបស់ខ្លួន ជុំវិញការដាក់ពន្ធសងសឹក ៣៤% លើទំនិញរបស់អាមេរិក។
ហើយនៅពេលនេះ សហរដ្ឋអាមេរិក បានប្រកាសដាក់ពន្ធថ្មីបន្ថែមរហូតដល់ទៅ ១០៤% ទៅលើទំនិញទាំងអស់ដែលនាំចូលមកពីប្រទេសចិន។
ជម្រាបជូនថា ប្រទេសចិនគឺជាប្រភពនាំចូលធំទីពីររបស់អាមេរិក កាលពីឆ្នាំមុន ដោយបានដឹកជញ្ជូនទំនិញសរុបចំនួន ៤៣៩ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ខណៈដែលសហរដ្ឋអាមេរិក បាននាំចេញទំនិញមានតម្លៃ ១៤៤ពាន់លានដុល្លារទៅកាន់ប្រទេសចិនវិញ៕