មហាសេដ្ឋី Elon Musk បន្តរិះគន់ទីប្រឹក្សាកំពូលរបស់លោក ត្រាំ ថាជាមនុស្ស​ល្ងង់​

អន្តរជាតិ

មហាសេដ្ឋីមានបំផុតរបស់ពិភពលោក​ Elon Musk កាលពីពេលថ្មីៗនេះ បានបន្តធ្វើការរិះគន់ជាសាធារណ:ទៅកាន់ទីប្រឹក្សាកំពូលផ្នែកពាណិជ្ជកម្មរបស់សេតវិមាន លោក Peter Navarro ថាជាមនុស្ស ល្ងង់​ បន្ទាប់ពីទីប្រឹក្សាកំពូលរបស់លោក ត្រាំ រូបនេះ បានហៅ Tesla ថាគ្រាន់តែជាក្រុមហ៊ុនដំឡើងរថយន្តប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បានបន្តរិះគន់ចំៗទៅកាន់ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Peter Navarro ទាក់ទងនឹងការបញ្ចេញមតិយោបលជុំវិញវិធានការពន្ធគយថ្មី និងបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននាំចូលគ្រឿងបន្លាស់ថោកៗពីបរទេស ។

យ៉ាងណាមិញ ដោយបានបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីពេលថ្មីៗនេះ លោក Musk បានសរសេរថា ៖”អ្វីដែល Peter Navarro និយាយនោះ គឺមិនពិតទាំងស្រុងនោះឡើយ”។ មហាសេដ្ឋីអាមេរិករូបនេះ ក៏បានហៅ លោក Peter Navarro ថាជាមនុស្សមិនឆ្លាតគ្រប់គ្រាន់ទេ ទោះបីជាគាត់មានសញ្ញាប័ត្របណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ Harvard ក៏ដោយ។

មិនតែប៉ុណ្ណោះ លោក Musk បានបន្តប្រមាថលោក Navarro ទៀតថាជាមនុស្សល្ងង់ និងជាមនុស្សគ្មានខួរក្បាលប្រៀបដូចជាថង់​ឥដ្ឋ​អ៊ីចឹង។

លោក Musk ដែលជាប្រធានការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងបង្ហាញជាសាធារណៈនូវទស្សនៈខុសគ្នាពីលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ និងទីប្រឹក្សាពាណិជ្ជកម្មរបស់គាត់ ដោយបានធ្វើអត្ថាធិប្បាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក និងអឺរ៉ុប គួរតែចរចាគ្នាដើម្បីឆ្ពោះទៅរកព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយពន្ធគយ ០%។

ជម្រាបជូនផងដែរថា លោក Musk បានរិះគន់ជាសាធារណៈម្តងហើយម្តងទៀតចំពោះលោក Navarro ដែលត្រូវបានគេចាត់ទុកថាជាអ្នកផ្តួចផ្តើមវិធានការយកពន្ធទៅវិញទៅមករបស់លោក ត្រាំ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

កាលពីថ្ងៃទី៦ ខែមេសាកន្លងទៅ លោក Musk បានបង្ហោះសារមួយលើបណ្តាញសង្គម X ដោយរិះគន់លោក Navarro ថាជាមនុស្សគ្មានបទពិសោធ និងបានតែទ្រឹស្តី។ ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បាននិយាយទៀតថា សញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចរបស់ Navarro ពីសាកលវិទ្យាល័យ Harvard ពិតជា “រឿងអាក្រក់ មិនមែនជារឿងល្អនោះ”៕