ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លុយកាន់តែច្រើន កំពុងតែហូរចូលសហរដ្ឋអាមេរិក ជាងពេលមុនៗទៅទៀត ដោយសារតែវិធានការពន្ធគយថ្មី ដែលជួយឲ្យអាមេរិក រកបានដល់ទៅ ២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ដោថ្លែងនៅក្នុងសេតវិមាន អំឡុងព្រឹត្តិការណ៍លើកកម្ពស់ការអភិវឌ្ឍការជីកយករ៉ែធ្យូងថ្ម កាលពីថ្ងៃទី៨ ខែមេសា កន្លងទៅ ប្រធានាធិបតី លោក ត្រាំ បានសង្កត់ធ្ងន់ទៅកាន់សមាជិកសភា សមាជិកគណៈរដ្ឋមន្ត្រី និងមេដឹកនាំក្រុមហ៊ុនឧស្សាហកម្មធំៗថា គោលនយោបាយពន្ធគយថ្មីរបស់លោក កំពុងមានប្រសិទ្ធភាពហើយ។
មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានហៅវិធានការពន្ធគយទៅវិញទៅមក របស់លោកថាជាធាតុ “ផ្ទុះ” នៃយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលកំពុងផ្តល់មកនូវប្រាក់ចំណូលខ្ទង់ ២ពាន់លានដុល្លារក្នុងមួយថ្ងៃ សម្រាប់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ ខណៈពេលដែលលោក មិនបានផ្តល់តួលេខជាក់លាក់ ឬបញ្ជាក់ថាតើពន្ធគយណាដែលបានរួមចំណែកក្នុងការផ្តល់ប្រាក់ចំណូលនោះ ប្រធានាធិបតី លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រទេសជាច្រើនកំពុងធ្វើដំណើរមកសហរដ្ឋអាមេរិក ដើម្បីចរចាអំពីការលើកលែងពន្ធ។
លោក ត្រាំ បាននិយាយទៀតថា ៖”យើងបានពិភាក្សាជាមួយប្រទេសជាច្រើន ហើយច្រើនប្រទេសណាស់ដែលចង់ធ្វើកិច្ចព្រមព្រៀងជាមួយយើង។ បញ្ហាគឺថាយើងមិនអាចជួបជាមួយពួកគេទាំងអស់បានលឿននោះទេ។ ប៉ុន្តែវាមិនអីទេ ពីព្រោះពន្ធគឺ កំពុងដំណើរការ ហើយលុយកំពុងហូរចូលសហរដ្ឋអាមេរិកក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក”។ លោកបន្ថែមទៀតថា មេដឹកនាំក្រុមហ៊ុនអាជីវកម្មធំៗជាច្រើន ក៏កំពុងពិចារណាផ្លាស់ប្តូរការផលិតត្រឡប់ទៅសហរដ្ឋអាមេរិកវិញផងដែរ ដើម្បីចៀសវាងការយកពន្ធធ្ងន់ធ្ងរ៕