តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍ថា បានខាតបង់អស់ប្រមាណ ៦៣៨ពាន់លានដុល្លារ ពោលគឺត្រឹមរយ:ពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីផ្សារភាគហ៊ុនអាមេរិក មានភាពរង្គោះរង្គើខ្លាំង ដោយសារវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ។
បើយោងតាមការចុះផ្សាយពី CNBC បានបង្ហាញឲ្យដឹងថា បន្ទាប់ពីបិទការជួញដូរចុងក្រោយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់អស់ប្រមាណ ១៩% ដែលបណ្តាលឲ្យតម្លៃមូលធណទីផ្សាររបស់ក្រុមហ៊ុនខាតបង់អស់ ៦៣៨ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ Apple នៅតែជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅសហរដ្ឋអាមេរិក ជាមួយនឹងមូលធនទីផ្សារសរុបជាង ២,៧ទ្រីលានដុល្លារ និងតាមពីក្រោយដោយក្រុមហ៊ុន Microsoft មានតម្លៃទីផ្សារ ២,៦ទ្រីលានដុល្លារ និង Nvidia មានតម្លៃទីផ្សារ ២,៣ទ្រីលានដុល្លារ។
ជម្រាបជូនផងដែរថា ក្រុមវិនិយោគិនមានការព្រួយបារម្ភថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក នឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិធានការពន្ធថ្មីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ខណៈពេលដែលអ្នកវិភាគ បានព្យាករថា Apple គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលងាយរងគ្រោះបំផុត នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិន៕