មហាសេដ្ឋីកំពូលៗសិង្ហបុរី ៥រូប ក្តោបក្តាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជិត ៥០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមទស្សនាវដ្តី Forbes បានធ្វើការចាត់ថ្នាក់បញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗរបស់ពិភពលោក សម្រាប់ឆ្នាំ២០២៥ នេះ ដោយក្នុងនោះមហាសេដ្ឋីមានបំផុតទាំង៥ របស់ប្រទេសសិង្ហបុរី ក៏ស្ថិតនៅក្នុងបញ្ជីនោះផងដែរ ជាមួយទ្រព្យសម្បត្តិរួមគ្នាសរុប ៤៩,១ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. លោក Goh Cheng Liang

លោក Goh Cheng Liang បច្ចុប្បន្នវ័យ ៩៧ឆ្នាំ កាន់កាប់ភាគហ៊ុនធំជាងគេបំផុត នៅក្នុងក្រុមហ៊ុន Nippon Paint Holdings ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំលាប និងគ្រឿងតុបតែងផ្ទះ ឈានមុខគេមួយរបស់ពិភពលោក។ បច្ចុប្បន្នលោក Goh មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣ពាន់លានដុល្លារ។

២.លោក Li Xiting

លោក Li Xiting បច្ចុប្បន្នមានវ័យ ៧៤ឆ្នាំ មានដើមកំណើតមកពីប្រទេសចិន គឺជាស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងវេជ្ជសាស្រ្ត Shenzhen Mindray Bio-Medical Electronics។ លោក Li ត្រូវបានចាត់ទុកថាជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទីពីរ នៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងចំនួនសរុបប្រមាណ ១២,៨ពាន់លានដុល្លារ។

២. លោក Forrest Li

លោក Forrest Li គឺជាសហស្ថាបនិកក្រុមហ៊ុន Sea Limited ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ និងជាក្រុមហ៊ុនមេនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shopee ផងដែរ។ បច្ចុប្បន្នលោក Li ជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតលំដាប់ទី៣ របស់សិង្ហបុរី ជាមួយទ្រព្យសម្បត្តិសរុប ៨,៥ពាន់លានដុល្លារ។

៤. លោក Philip Ng Chee Siong

លោក Philip ជាម្ចាស់ក្រុមហ៊ុន Far East Organization ដែលកាន់កាប់ដីឯកជន និងជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី។ បច្ចុប្បន្ន លោក Philip មានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Far East ហើយបើតាមការប៉ាន់ស្មានពី Forbes បានបង្ហាញឲ្យដឹងថា លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៤ពាន់លានដុល្លារ។

៥. លោក Robert Ng Chee Siong

លោក Robert Ng Chee Siong គឺជាបងប្រុសបង្កើតរបស់លោក Philip Ng Chee Siong បច្ចុប្បន្ន លោកគឺជាប្រធានក្រុមហ៊ុន Sino Group ដែលជាក្រុមហ៊ុនផ្តោតលើការវិនិយោគ និងអភិវឌ្ឍអលចនទ្រព្យ ផងដែរ។ ទ្រព្យសម្បត្តិសរុបរបស់លោក Robert មានចំនួនប្រមាណ ៧,៣ពាន់លានដុល្លារ៕