ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែមេសា បានប្រកាសផ្អាកចំពោះការអនុវត្តពន្ធគយទៅវិញទៅមករបស់ខ្លួនវិញ រយ:ពេល ៩០ថ្ងៃ ដោយបន្ថយអត្រាពន្ធមកនៅត្រឹម ១០% ប៉ុណ្ណោះ លើបណ្តាប្រទេសជាច្រើន។ ប៉ុន្តែជាមួយគ្នានោះ គ្មានការលើកលែងណាមួយចំពោះប្រទេសចិន នោះឡើយ ដោយអាមេរិក បន្តដាក់ពន្ធគយរហូតដល់ទៅ ១២៥% បន្ថែមទៀត ក្រោយចិនបង្កើនពន្ធគយសងសឹកដល់ ៨៩%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ជុំវិញការពន្យារពេលយកពន្ធគយនេះ លោក ត្រាំ បាននិយាយថា ៖”ខ្ញុំបានអនុញ្ញាតឲ្យមានការផ្អាករយៈពេល ៩០ថ្ងៃសិន ចំពោះការដាក់ពន្ធកម្រិតខ្ពស់ដែលបានចូលជាធរមានភ្លាមៗ”។ ហើយចំពោះការសម្រេចិត្តបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសជាង ៧៥ បានឈានដល់ការចរចា និងមិនដាក់ពន្ធគយសងសឹកទៅលើសហរដ្ឋអាមេរិក។
ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោក ត្រាំ នៅតែបន្តចោទប្រកាន់ទៅលើប្រទេសចិនថា ជាអ្នកបំផ្លាញ សហរដ្ឋអាមេរិក ដដែល ជាមួយនឹងដាក់ពន្ធគយថ្មីបន្ថែមទៀត រហូតដល់ទៅ ១២៥% ឯណោះ។
លោក ត្រាំ បាននិយាយទៀតថា ៖” ដោយផ្នែកលើការខ្វះខាតការគោរពដែលប្រទេសចិន បានបង្ហាញដល់ទីផ្សារពិភពលោក ខ្ញុំសូមប្រកាសដំឡើងពន្ធទៅលើទំនិញរបស់ចិន ដោយសហរដ្ឋអាមេរិក ដល់ ១២៥% ដែលនឹងចូលជាធរមានភ្លាមៗ”។
យ៉ាងណាមិញ ការប្រកាសរបស់លោក ត្រាំ បែបនេះ គឺត្រូវបានធ្វើឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោកបានសម្រេចដំឡើងពន្ធគយលើទំនិញរបស់ចិន ដល់ ១០៤% ហើយបន្ទាប់មកប្រទេសចិន បានសងសឹកវិញ ដោយការដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកដល់ ៨៤% ។
ជម្រាបជូនផងដែរថា បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីរតនាគារអាមេរិក លោក Scott Bessent និងអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt នឹងយកពន្ធត្រឹម ១០% ប៉ុណ្ណោះ លើប្រទេសជាច្រើន ក្នុងរយ:ពេល ៩០ថ្ងៃ ពោលគឺលើកលែងតែចិនមួយប៉ុណ្ណោះ ហើយបន្ទាប់ពីនោះគេនៅមិនទាន់ដឹងច្បាស់ឡើយ ថាតើនឹងមានអ្វីកើតឡើងបន្តទៀត៕