រដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតែងតាំងលោក Kazuyuki Masu ដែលជាអតីតប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Mitsubishi Corp ដើម្បីឲ្យចូលរួមក្នុងតំណែងជាប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយរបស់ធនាគារកណ្តាលជប៉ុន (BOJ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យ៉ាងណាមិញ លោក Masu ត្រូវបានគេរាយការណ៍ថា នឹងត្រូវចូលទៅជំនួសតំណែងរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Hitachi លោក Toyoaki Nakamura ដែលនឹងត្រូវផុតអាណត្តិ ក្នុងនាមជាសមាជិកម្នាក់នៃប្រធានក្រុមប្រឹក្សាភិបាលរបស់ BOJ ។
គួរឲ្យដឹងផងដែរថា ប្រសិនបើមានការអនុម័តជាផ្លូវការដោយសភា នោះលោក Masu ដែលបច្ចុប្បន្នមានវ័យ ៦៦ឆ្នាំ នឹងត្រូវចាប់ផ្តើមអាណត្តិរយ:ពេល ៥ឆ្នាំរបស់លោក នៅថ្ងៃទី១ ខែកក្កដាតទៅ ពោលគឺក្រោយមួយថ្ងៃដែលលោក Nakamura ត្រូវចាកចេញពីតួនាទី។
លោក Masu នឹងត្រូវបំពេញមុខតំណែងជាប្រពៃណី ដែលត្រូវបានបម្រុងទុក ក្នុងនាមជានាយកប្រតិបត្តិធុរកិច្ចនៃក្រុមប្រឹក្សាភិបាលធនាគារកណ្តាលជប៉ុន ដែលរួមមានការគ្រប់គ្រងទៅលើអ្នកសិក្សា អ្នកសេដ្ឋកិច្ច ការិយាល័យការងារ និងមន្ត្រីជាន់ខ្ពស់មកពីផ្នែកហិរញ្ញវត្ថុ និងសាជីវកម្ម។
ជុំវិញការតែងតាំងលោក Masu ក្នុងតំណែងនេះ ត្រូវបានធ្វើឡើង នៅចំពេលមានការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធគយទូទាំងពិភពលោក រួមទាំងប្រទេសជប៉ុនផងដែរ ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់ផែនការរបស់ BOJ ដើម្បីបន្តការដំឡើងអត្រាការប្រាក់ ពីកម្រិតទាបនៅឡើយ។
ជម្រាបជូនថា លោក Masu បានចូលរួមជាមួយក្រុមហ៊ុន Mitsubishi ដំបូងក្នុងឆ្នាំ១៩៨២ ហើយបានបម្រើការជាចម្បងលើមុខតំណែងជាប្រធានហិរញ្ញវត្ថុ និងគណនេយ្យ។ បន្ទាប់មកលោកបានសម្រេចចូលនិវត្តន៍ក្នុងនាមជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងឆ្នាំ២០២២។ បច្ចុប្បន្នលោកគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជប៉ុននៃគណនេយ្យករសាធារណៈ៕