យោងតាមការប៉ាន់ស្មានពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឲ្យដឹងថា ប្រទេសថៃ អាចប្រឈមមុខទៅនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយអាចនឹងបាត់ប្រាក់ចំណូលរហូតដល់ទៅ ៩០០ពាន់លានបាត (ប្រហែល ២,៥៨ពាន់លានដុល្លារ) បើសិនសហរដ្ឋអាមេរិកបន្តដាក់ពន្ធគយ ៣៦% លើប្រទេសរបស់ខ្លួននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ប្រធាន FTI លោក Kriengkrai Thiennukul បាននិយាយថា ឧស្សាហកម្មថៃដែលរំពឹងថានឹងអាចរងផលប៉ះពាល់ខ្លាំងបំផុតដោយការដំឡើងពន្ធគយថ្មីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំនេះ រួមមានរថយន្ត ម្ហូបអាហារ ប្លាស្ទិក គីមី ដែក អាលុយមីញ៉ូម វាយនភណ្ឌ អេឡិចត្រូនិច និងគ្រឿងម៉ាស៊ីន ជាដើម។
សម្រាប់ឧស្សាហកម្មរថយន្ត លោក Kriengkrai បាននិយាយថា ប្រទេសថៃ បច្ចុប្បន្នកំពុងប្រឈមមុខនឹងការយកពន្ធគយដល់ ២៥% ដែលត្រូវបានដាក់តាំងពីខែមីនាមកម្លេះ ហើយប្រសិនបើពន្ធគយ ៣៦% ត្រូវបានដាក់បន្ថែមទៀតនោះ ក្រុមហ៊ុនផលិតរថយន្តជាច្រើន និងក្រុមហ៊ុនផលិតម៉ូតូផងនោះ អាចនឹងផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេចេញពីប្រទេសថៃមិនខាន។
ដោយឡែកឧស្សាហកម្មម្ហូបអាហារ ក៏នឹងរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ ជាពិសេសអាហារកែច្នៃ និងអាហារសមុទ្រ នៅពេលដែលពន្ធ ៣៦% ត្រូវបានដាក់។ លោកបន្ថែមទៀតថា បញ្ហានេះនឹងកាត់បន្ថយការប្រកួតប្រជែងរបស់ប្រទេសថៃ។
យ៉ាងណាមិញ លោក Kriengkrai បាននិយាយថា មានតែឧស្សាហកម្មស្បែកជើងប៉ុណ្ណោះដែលអាចទទួលបានអត្ថប្រយោជន៍ពីការដំឡើងពន្ធ ពីព្រោះក្រុមហ៊ុននាំចេញធំៗផ្សេងទៀតដូចជានៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមនឹងការយកពន្ធខ្ពស់ជាងប្រទេសថៃ។
ជម្រាបជូនផងដែរថា FTI បានស្នើឲ្យរដ្ឋាភិបាលពន្លឿនការចរចាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធនាំចូលសម្រាប់ផលិតផលអាមេរិកជាច្រើន ដូចជាពោត ត្រីធូណា និងសាច់ ហើយពិចារណាការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ផលិតផលដែលផលិតនៅក្នុងប្រទេសថៃ ដូចជាថា Hard Disc និងបន្ទះសូឡាជាដើម៕