នៅថ្ងៃទី១០ ខែមេសានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី He Yongqian បាននិយាយថា ប្រទេសរបស់ខ្លួន មានឆន្ទៈក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក៏នឹងបន្តជំហរលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
ក្រសួងពាណិជ្ជកម្មចិន បានអះអាងទៀតផងដែរថា ប្រទេសខ្លួនមិនចង់ប្រឈមមុខជាមួយនឹងអាមេរិកទេ ប៉ុន្តែក៏នឹងមិនភ័យខ្លាចផងដែរ ប្រសិនបើអាមេរិកនៅតែបន្តចេញគម្រោងពន្ធគយនោះ។
លោកស្រី He Yongqian បាននិយាយថា ប្រទេសចិន អាចនឹងបន្តដាក់ចេញវិធានការសងសឹកណាមួយបន្ថែមទៀត បន្ទាប់ពីការដំឡើងពន្ធគយលើការនាំចូលរបស់សហរដ្ឋអាមេរិកដល់ ៨៤% កាលពីថ្ងៃទី៩ ខែមេសា។
មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ ចិន បានអះអាងជាថ្មីថា គ្មាននរណាឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនេះនោះទេ ស្របពេលខ្លួននឹងតស៊ូដល់ទីបញ្ចប់ ចំពេលភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក កំពុងបន្តកើនឡើងកម្តៅកាន់តែខ្លាំង។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានលើកឡើងពីលទ្ធភាពនៃការធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយប្រទេសចិន ក្នុងសប្តាហ៍នេះផងដែរ។ លោកថែមទាំងបាននិយាយថា ៖”ប្រទេសចិនចង់ធ្វើកិច្ចព្រមព្រៀង។ ពួកគេគ្រាន់តែមិនដឹងថាត្រូវចាប់ផ្តើមដោយរបៀបណាប៉ុណ្ណោះ”។
ជម្រាបជូនថា កាលពីថ្ងៃទី៩ ខែមេសា ប្រធានាធិបតី លោក ត្រាំ បានប្រកាសពន្យារពេល ៩០ថ្ងៃក្នុងការដាក់ពន្ធគយកម្រិតខ្ពស់ទៅវិញទៅមក លើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ ពន្ធលើទំនិញចិនត្រូវបានដំឡើងដល់ ១២៥% ពីកម្រិត ១០៤% ពីមុន៕