លេចលឺដំណឹង ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីត ចង់ជួយ Ronaldo ទិញយកក្លិបបាល់ទាត់មួយនៅអេស្ប៉ាញ

អន្តរជាតិ

ដោយមានការគាំទ្រពីខ្សែរាជវង្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត កីឡាករបាល់ទាត់លំដាប់កំពូលរបស់ពិភពលោក Cristiano Ronaldo អាចនឹងមានលទ្ធភាពក្នុងការទិញយកក្លិបបាល់ទាត់ Valencia CF នៃក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga មកគ្រប់គ្រង ពីមហាសេដ្ឋីជនជាតិសិង្ហបុរី លោក Peter Lim ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌពិសេសមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា Ronaldo ធ្លាប់បានចំណាយពេលដល់ទៅ ៩ឆ្នាំ នៅក្នុងក្របខ័ណ្ឌ La Liga ដោយរកគ្រាប់បាល់បញ្ចូលទីបាន ៤៥០ គ្រាប់ ក្នុងការចូលលេង ៤៣៨ ប្រកួត ឲ្យក្លិប Real Madrid មុនពេលសម្រេចចាកចេញ នៅក្នុងឆ្នាំ២០១៧។ ហើយរយ:ពេលជិត ៨ឆ្នាំក្រោយមក កីឡាករវ័យ ៤០ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា​ កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិលទ្រលប់ទៅកាន់ទឹកដីអេស្ប៉ាញសារជាថ្មី ដោយសារនេះ ក្នុងនាមជាម្ចាស់ក្លិប Valencia។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Mundo Deportivo បានបង្ហាញឲ្យដឹងថា ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ Ronaldo ជាមួយម្ចាស់ក្លិប Valencia បច្ចុប្បន្ន គឺមហាសេដ្ឋីសិង្ហបុរីលោក Peter Lim នោះ បានជំរុញឲ្យកើតមានពាក្យចចាមអារ៉ាម នៃការទិញយកក្លិបនេះឡើង។

ទន្ទឹមនឹងនេះ ស្របពេល Ronaldo បច្ចុប្បន្នកំពុងប្រកបអាជីពឲ្យក្លិប Al Nassr ផងនោះ វាត្រូវបានគេរាយការណ៍ថា ខ្សែប្រយុទ្ធកំពូលរូបនេះ អាចនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ពីសំណាក់ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីត ជាពិសេសពីព្រះអង្គម្ចាស់ Mohammed bin Salman ឬមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ។

តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងអាចនឹងកើតឡើងបាន គឺអាស្រ័យលើថា តើក្រុម Valencia អាចផុតពីការកាត់ចោលទៅលេងនៅលីគលំដាប់ទីពីររបស់អេស្ប៉ាញ នៅរដូវកាលនេះ ឬយ៉ាងណា។ បច្ចុប្បន្នក្លិប Valencia កំពុងឈរនៅលេខរៀងទី១៥ ក្នុងក្របខ័ណ្ឌ La Liga ដោយមាន ៣៤ ពិន្ទុ និងដាច់ត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល ខណ:នៅសល់ ៨ប្រកួតទៀតដែលត្រូវលេង។

ជម្រាបជូនផងដែរថា ចាប់តាំងពី​ចូលរួម​ជាមួយក្លិប Al Nassr កាលពី​ឆ្នាំ ២០២២ ជាមួយនឹងការទទួលបាន​ថ្លៃ​ពលកម្ម​បំបែក​កំណត់​ត្រា​ពិភពលោក រហូតដល់ទៅ ២០០​លាន​អឺ​រ៉ូ​ដុល្លារ​ក្នុង​មួយ​ឆ្នាំមក Ronaldo បាន​រួមចំណែក​ដ៏​សំខាន់​បង្កើន​ប្រជាប្រិយភាព​វិស័យ​កីឡា​របស់ប្រទេសអា​រ៉ា​ប៊ី​សា​អូឌីត និងថែមទាំងធ្លាប់បានតំណាងឲ្យប្រទេសនេះ ទៅចូលរួមក្នុងកម្មវិធីធំៗជាច្រើនទៀត ផងដែរ​៕