ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន លោកស្រី Bridget Brink កំពុងស្ថិតក្នុងដំណើរការលាលែងពីតំណែង ដែលត្រូវបានចាត់ថាជាវិធានការមួយ ដែលនាំឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ កាន់តែធ្លាក់ចុះទៅក្នុងមានតានតឹងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
អ្នកនាំយកក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងអ៊ីមែលមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី១០ ខែមេសាថា ៖” ឯកអគ្គរដ្ឋទូត លោក ស្រី Bridget Brink កំពុងលាលែងចេញពីតំណែងរបស់ខ្លួន។ លោកស្រី បានបម្រើការងារជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអ៊ុយក្រែនអស់រយ:ពេល ៣ឆ្នាំមកហើយ ដែលជារយ:ពេលដ៏យូរនៅក្នុងតំបន់មានសង្គ្រាម”។
យ៉ាងណាមិញ បើតាមប្រភពដែលមិនបញ្ចេញឈ្មោះ បាននិយាយថា លោកស្រី Brink មិនបានដាក់ពាក្យលាលែងពីតំណែងជាផ្លូវការទេ ប៉ុន្តែបានហៅក្រុមការងាររបស់ស្ថានទូតមកនិយាយលាគ្នា ប៉ុណ្ណោះ។ ហើយលោកស្រី ត្រូវបានគេរំពឹងថានឹងចាកចេញពីមុខតំណែង នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
វានៅតែមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា តើលោកស្រី Brink កំពុងលាលែងពីតំណែងដោយស្ម័គ្រចិត្ត ឬស្ថិតក្រោមសម្ពាធពីរដ្ឋបាលរបស់លោក ត្រាំ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើប្រៀបធៀបទៅនឹងអ្នកកាន់តំណែងមុន គឺលោក ចូ បៃដិន នោះ។
ជម្រាបជូនផងដែរថា លោកស្រី Brink ត្រូវបានអតីតប្រធានាធិបតីលោក បៃដិន តែងតាំងធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងគៀវ និងចូលកាន់តំណែងជាផ្លូវការ នៅខែឧសភា ឆ្នាំ២០២២ ពោលគឺច្រើនជាងពីរខែបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការលុកលុយរបស់ខ្លួន នៅអ៊ុយក្រែន៕